• ទឹកចិត្ត​ជួយ​កុមារក្នុងសហគមន៍​ជួយ​ឱ្យ​លោក អ៊ុក យុទ្ធ ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពាន់​រង្វាន់​ពលរដ្ឋ​គំរូ​ Smart

    ភ្នំពេញ ថ្ងៃទី០៩ ខែ​មេសា ឆ្នាំ​២០២១៖ ការ​ជួយ​កុមារ​​ក្រីក្រ​​ក្នុង​សហគមន៍​ឱ្យទទួលបាន​ឱកាស​រៀនសូត្រ​ គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ​លោក​ អ៊ុក យុទ្ធ ​ ត្រូវបាន​ជ្រើស​តាំង​​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។

    ក្នុងពេលបង្រៀនក្នុងថ្នាក់_២

    ឥឡូវនេះ លោក យុទ្ធ បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើលោក​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​​ជ័យលាភី លោក​​​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ម៉ឺនដុល្លារ។

    បុរស​ដែល​​ជាមន្ត្រី​សម្របសម្រួលប្រចាំ​​​​​សមាគមខ្មែរ​ដើម្បី​​អភិវឌ្ឍ​ន៍តាមជនបទ​​​​​​ ដែលជា​អង្គការ​មួយ​​​ក្នុង​ខេត្ត​​ក្រចេះ​រូប​នេះ ​បាន​ផ្តល់​ការ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ និងកុមារ​ផ្សេង​ទៀត​នៅក្នុង​សហគមន៍​របស់​លោក​ដោយ​ឥត​គិតថ្លៃ។

    គំនិត​ជួយ​កុមារ​នេះ​​​​បានកើត​មាន​ឡើង​​បន្ទាប់ពីលោក​បានទៅទស្សនា​កោះ​ទ្រង់ដែលជា​កោះ​អេកូ​ទេសចរណ៍​​សម្បូរ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស ស្ថិត​នៅ​ត្រើយ​​ម្ខាង​​នៃ​ក្រុងក្រចេះ។ នៅពេលនោះ ​ លោកសង្កេត​ឃើញថា ទាំង​កុមារនិង​មនុស្ស​ចាស់​នៅ​លើ​កោះ​នោះ​អាច​​ប្រើប្រាស់​ភាសា​អង់គ្លេស​បានតិច​តួច​ប៉ុណ្ណោះ។​

    សកម្មភាពក្នុងបណ្ណាល័យ

    លោក​ថ្លែងថា៖ “ខ្ញុំ​គិតថា ប្រសិន​បើបណ្តុះបណ្តាល​ក្មេង​​ជំនាន់ក្រោយ វាធ្វើ​ឱ្យ​តំបន់​នោះ​ក្លាយជារឿង​ដែលល្អ​នៅថ្ងៃក្រោយ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅទីនោះ”។

    ដូច្នេះ ក្នុង​ខែ​មករា ឆ្នាំ​២០១៦  លោក​បាន​​សហការ​ជាមួយ​សាលា​បឋមសិក្សារដ្ឋ​​មួយ​នៅលើ​កោះ​នោះ​ដើម្បី​​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ប្រហែល ៧០នាក់ដោយ​មានជំនួយ​ស្ម័គ្រ​ចិត្ត​ពីគ្រូបរទេស ​២​នាក់​ផ្សេង​ទៀត។ តែ​ដោយសារ​កិច្ចសហការនេះ​មិន​មានភាព​រលូន ការ​បង្រៀន​នេះ​បាន​បញ្ចប់​​ក្នុងខែ​កក្កដា ​ឆ្នាំដដែល។

    សកម្មភាពគូគំនូនៅថ្ងៃចុងសប្តាហ៍

    ក្រោយមក​ក្នុងខែដ​ដែល​នោះ លោក​បា​នសម្រេច​ចិត្ត​បាន​ដំណើរការ​សាលា​រៀ​ន​មួយ​ឈ្មោះថា សាលា​ដូលហ្វីន នៅ​ផ្ទះ​របស់​លោក​ផ្ទាល់ក្នុង​ក្រុង​ក្រចេះ ដើម្បី​បន្ត​ឆន្ទៈ​​របស់​លោក។ តែក្រៅពី​​​​ផ្តល់​ការសិក្សា​ភាសា​អង់គ្លេស សាលា​របស់លោក​ក៏បាន​​បន្ថែមមុខវិជ្ជា​កុំព្យូទ័រ​ថ្នាក់​មូលដ្ឋាន​ និង​​បណ្ណាល័យ​ថែម​ទៀត​ផង។

    ​លោក​ថ្លែង​ថា៖ “ខ្ញុំ​សម្រេច​​បង្កើត​សាលា​នេះ​ដើម្បី​ឱ្យ​ក្មេងនៅទីរួម​ខេត្ត​នេះ​​ទទួល​បានការ​អប់រំ​ពិសេស។ ជា​ពិសេស​ទៅ​ទៀត ភាសា​អង់គ្លេស​របស់ពួក​គាត់​នៅបឋម​សិក្សា រៀនបានតិចតួចនៅឡើយ។ អញ្ចឹងនៅពេល​ពួកគេ​ឡើង​ថ្នាក់ទី ៧ មានការ​លំបាក​ណាស់​ផ្នែក​ភាសា​អងគ្លេស​ហ្នឹង”។

    អ៊ុក យុទ្ធ (UK Yuth)

    លោក​ថ្លែងថា ការ​​បង្កើត​សាលា​រៀន​នេះទទួល​បាន​​​​ជោគជ័យ​ដោយ​ចាប់​ផ្តើម​ពីសិស្ស ៥​នាក់​រហូតដល់ជាង​ ១០០​នាក់នៅសាខាទី​១ ក្នុង​សង្កាត់​អូរឬស្សី ក្រុង​ក្រចេះ។

    សាលា​របស់លោកក៏​មាន​សាខាមួយ​ទៀតផង​ដែរ​ស្ថិត​នៅក្នុង​ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែល​មាន​ចម្ងាយ​​ប្រហែល ៧​គីឡូម៉ែត្រ​ពីសាខា​ទី១។ នៅសាខា​នេះ មានសិស្សប្រហែល​ពី ៧០ ទៅ ៨០​នាក់​។

    ជា​អកុសល​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ សាលា​ទី​២នេះ​បានបិទ​ដំណើរការ​បណ្តោះ​អាសន្ន​​​ហើយ​ដោយ​សារ​​ខ្វះខាតគ្រូស្ម័គ្រ​ចិត្ត ជា​ពិសេស​គ្រូ​បរទេស ដែល​ជាធម្មតាពួកគាត់​​មក​ស្នាក់​នៅ​រយៈ​ពេល​វែង​ក្នុង​ទី​ក្រុង​នេះក្រោយការ​ចូល​និវត្ត​ន៍​ពី​ប្រទេស​របស់ពួក​គាត់។

    អ៊ុក_យុទ្ធ_ក្នុងពេលបង្រៀនក្នុងថ្នាក់_1

    សព្វថ្ងៃ សាលា​របស់​លោក យុទ្ធ ​មាន​គ្រូស្ម័គ្រ​ចិត្ត​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​គ្រូបរទេស​ម្នាក់​។ ក្នុងចំណោម​គ្រូ​ស្ម័គ្រ​ចិត្ត​ខ្មែរ មានយុវតីម្នាក់គឺជា​សិស្ស​ពូកែ​ប្រចាំសាលា​ ដែល​បានស្ម័គ្រ​ចិត្ត​ជួយ​បង្រៀន​ ក្រោយ​ទទួល​បាន​ចំណេះ​ដឹង​ដែល​អាច​​មាន​លទ្ធភាព​បង្រៀន​បាន។

    លោក ហ៊ុន សុធា ជាគ្រូបង្រៀន​បឋមសិក្សា និង​ភរិយា ហ៊ុន ដានីតា ជាស្រ្តីមេផ្ទះគឺជាគ្រួសារ​មួយ​ក្នុង​ចំណោមគ្រួសារ​ជាច្រើនដែលបញ្ជូន​កូនរបស់​ពួក​គាត់​ទៅ​​​សិក្សា​នៅ​សាលា​ដូលហ្វីន​។

    លោក​ថ្លែងថា៖ “សាលា​នេះគឺជា​សាលា​ដែលមាន​ប្រយោជន៍​ចំពោះកូនខ្ញុំច្រើន។ ទី​មួយ​ គ្រូ​សុទ្ធ​តែជាគ្រូ​ល្អៗ មាន​​ចំណេះ​ដឹង និងវិធីសាស្រ្ត​បង្រៀនគាត់​ប្លែកៗ ហើយ​មួយ​ទៀត​នោះ គឺ​ដោយសារ​ស្ថានភាពគ្រួសារ​លុយ​កាក់​មិន​សូវ​មានច្រើន ទន្ទឹម​នឹងសាលា​ល្អ​ហើយ រៀន​អត់អស់លុយទៀត”។

    អ្នកស្រី សុង សុខខេង អាយុ ៤០​ឆ្នាំ ​ជា​ស្រ្តី​មេផ្ទះ និង​មាន​ប្តី​ជា​ជាង​សំណង់​ដែល​​មាន​ជីវិភាពមិន​ជាធូរ​ធា​ប៉ុន្មាន​នោះ បាន​បញ្ជូន​កូន ២នាក់​ក្នុង​ចំណោម​កូន ៤នាក់​របស់​គាត់​ឱ្យទៅ​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ភាសា​​​ដូលហ្វីនរយៈពេល ២​ឆ្នា​ំ​មកហើយ។ ក្រៅពីកូន អ្នកស្រីក៏មាន​ក្មួយ​៥នាក់ទៀត​រៀន​នៅសាលា​នេះ​ផងដែរ។

    អ្នកស្រីថ្លែងថា៖ “បើ​រៀននៅសាលា​ឯកជន យើង​អត់មានលទ្ធភាព។ អញ្ចឹងសាលា​របស់​គាត់បានផ្តល់​ឱ្យ​កូន​រៀន​ចេះ​ដោយ​មិនយក​លុយ”។ អ្នកស្រីបន្ថែមថា៖ “សាលា​ហ្នឹង​ជួយច្រើន គាត់​មិន​រើស​អើងចំពោះ​អ្នកអត់ ឬ​អ្នកមាន​ទេ។ គាត់​ទទួល​យក​ទាំងអស់​ឱ្យតែ​កូនចូលរៀន”។

    ទាក់ទង​នឹង​ថវិកា​ដែលចំណាយ​លើ​សាលា​ លោក​​ អ៊ុក យុទ្ធ ថ្លែងថា លោក​ប្រើប្រាស់​​​ប្រាក់ខែ​​មួយចំណែក​ដើម្បី​ចំណាយ​​លើ​ប្រតិបត្តិការ ខណៈ​​​​មានការ​ឧបត្ថម្ភ​ម្តងម្តាល​​ពី​សប្បុរសជនទាំង​ផ្នែកថវិកា និងសម្ភារ​បង្រៀន​។

    លោកថ្លែងថា៖ “នៅ​ស្រុកខ្មែរមានអ្នក​ចិត្តល្អជាច្រើន គេក៏អាច​ធ្វើដូច​ខ្ញុំ​អញ្ចឹងដែរ។ ខ្ញុំ​មិនមាន​ថវិកា​អីច្រើនទេ ប៉ុន្តែ​យើង​ព្យាយាម​ជួយ​សង្គមរបស់យើង។ សង្គម​យើង​តែង​​ត្រូវការ​យើង អញ្ចឹង​សូម​ឱ្យ​យើង​ជួយគ្នា​ទៅ​វិញ​ទៅ​មក​តាម​​លទ្ធភាពដែលយើង​មាន កុំគិតថា ចាំ​យើង​មាន​ចាំយើងជួយ”។

    លោកបន្ថែម​ថា បើ​លោក​មានឱកាស​ទទួលបាន​ប្រាក់​រង្វាន់ លោក​នឹងប្រើទឹកប្រាក់​នេះ​ដើម្បី​កែលម្អ​ទីតាំង​សាលា និងប្រើ​​សម្រាប់ប្រតិបត្តិការ​សាលា​​​ដើម្បីទទួល​សិស្ស​បន្ថែមទៀត។ លោក​ក៏មាន​បំណង​ផ្តល់ការ​អប់រំ​ជា​ភាសា​ខ្មែរ​ផង​ដែរ​បើ​លោក​មានលទ្ធភាព។

    ក្រៅពីការ​ផ្តល់ការ​បង្រៀន​ដោយ​ឥត​បង់ប្រាក់ លោក​ក៏ផ្តល់​អាហារ​ពេល​ព្រឹក​ដល់​កុមារក្រីក្រ​ខ្លាំង​​ជាង ២០​នាក់​​ផងដែរដូចជាផ្លែឈើ នំបុ័ង បាយ ទឹកសណ្តែកឬទឹកដោះគោ ដោយផ្តល់ជូន ២​ថ្ងៃ​​ក្នុង​មួយ​អាទិត្យ។

    អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​់ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

    ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

    ដើម្បី​ចូលមើល​វីដេអូអំពី​លោក​ អ៊ុក យុទ្ធ សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖  https://fb.watch/4KttT4hrYj/

    សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ