• ការ​ជួយ​ពលរដ្ឋ​ក្រីក្រ និងផ្តល់ការអប់រំដល់​កុមារជួយ​ឱ្យ​អ្នកស្រី​ ផាន់ លក្ខិណា ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ  Smart

    ភ្នំពេញ ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ​២០២១៖ ការ​ជួយ​កុមារក្រីក្រ​​ឱ្យ​ទទួលបានការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ជួយ​សង់​ផ្ទះឱ្យ​ពលរដ្ឋ​គ្មាន​ផ្ទះ​សម្បែង គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ​អ្នក​ស្រី ផាន់ លក្ខិណា​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខនារី​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។

    ផាន់-លក្ខិណា-(Phan-Leakhena)

    ឥឡូវនេះ អ្នកស្រី​​បាន​ជាប់​ជា​បេក្ខនារី​​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូនេះ ហើយ​បើអ្នកស្រី​​​ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​អ្នក​ទទួល​ជ័យលាភី អ្នក​ស្រី​​​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​

    អ្នកស្រី​ ផាន់ លក្ខិណា ដែល​កើត​ក្នុងគ្រួសារ​ក្រីក្រ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អតីត​បុគ្គលិក​របស់​​អង្គការ​មិនមែន​រដ្ឋាភិបាល​​រយៈពេល ១០​ឆ្នាំ។ ក្នុង​អំឡុង​ពេលបំពេញការងារ អ្នកស្រី​តែង​តែង​ស្រម៉ៃ​ចង់​មាន​ឱកាស​មួយ​ដើម្បី​​​​ជួយ​យក​អាសារ​ពលរដ្ឋ​ដែលជួប​ការ​លំបាក។

    ផ្ទះដែលសង់ជូនពលរដ្ឋក្នុងសហគមន៍

    ជាក់ស្តែង ក្រោយការ​ចាក​​ចេញ​ពលរដ្ឋ​​សហគមន៍ដីក្រហមក្នុងរាជធានីភ្នំពេញនៅ​ឆ្នាំ​២០០៩ អ្នក​ស្រី​ជាមួយ​នឹងស្វាមី​​​​បាន​ជួយ​ពួកគេ​បន្ទាប់ពីពលរដ្ឋទាំង​នោះ​​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅរស់នៅ​​ក្នុង​ភូមិ​ស្រះ​ពោធិ៍ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកំពង់ស្ពឺ ឬហៅថា​សហគមន៍តង់ខៀវ។

    អ្នកស្រី​បានថ្លែងថា៖ “នៅពេលនោះយើងបានជួយពួកគាត់ក្នុងនាម​ពួក​ខ្ញុំ​ជា​សប្បុរស​ជន។ ខ្ញុំ​បាន​​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​រៃ​អង្គាស​ប្រាក់​ពី​មិត្ត​ភក្តិ​​ដើម្បី​ទិញ​សំពត់តង់​ចែកជូនដល់​ពលរដ្ឋ​ទាំង​នោះ ដោយ​សារ​ឃើញ​​​ពួក​គាត់មានការ​លំបាក”។

    សិស្សកំពុងសិក្សា​ក្នុងថ្នាក់

    នៅដើម​ឆ្នាំ​២០១១ ដោយ​ទទួលបានជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេសអូស្រ្តាលី អ្នកស្រី​​​បានមក​បង្កើត​​អង្គការ​មួយ​ឈ្មោះថាអង្គការ​ម៉ាណាជីវិត​ ជាមួយ​​ស្វាមី​របស់​អ្នកស្រី។ ​ក្រោយ​មក អង្គការ​​របស់​អ្នកស្រី​ក៏​ទទួលបាន​​ជំនួយ​បន្ថែម​ពី​ព្រះវិហា​រ​គ្រីស្ទសាសនា​នៅ​ប្រទេសកាណាដា និងណូវែល​សេឡង់។

    អ្នក​ស្រី​បន្ថែម​​ថា៖ “ខ្ញុំកើតក្នុងគ្រួសារក្រីក្រ។ នៅពេល​ខ្ញុំ​ឃើញ​ពួក​គាត់លំបាក វា​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​អតីត​កាល​​របស់​ខ្ញុំុ។ ដូច្នេះ ខ្ញុំគិតថា ពួក​គាត់​គួរ​ទទួលបាន​ជំនួយ​ដូចជា​ផ្ទះ​ជា​ដើម។ ដូច្នេះ​ខ្ញុំបានសម្រេច​ចិត្ត​បើក​អង្គការ​នេះ​ឡើង​ដើម្បី​ជួយ​ពួកគាត់”។

    សិស្ស​ក្នុងម៉ោងកីឡានៅសាលាឯកជន

    បន្ទាប់មក អង្គការ​របស់អ្នកស្រីបាន​សាងសង់​កូនផ្ទះតូច​ៗ​ចំនួន ៩៣​ខ្នង​ជូន​ពលរដ្ឋ​សហគមន៍​តង់ខៀវ​ និង​អតីតពលរដ្ឋ​សហគមន​បុរី​កីឡា ដែលគម្រោងនេះ​បាន​​បញ្ចប់នៅឆ្នាំ​២០១៣ ហើយក្នុង​ពេលជាមួយគ្នា​នោះដែរ​ក៏មាន​ការ​បើក​វគ្គបង្រៀន​​កុំព្យូទ័រ​ដល់​​កុមារផងដែរ។

    អ្នកស្រី ធី​ ស្រី អាយុ ៤៣​ឆ្នាំ ដែល​​បាន​ចាកចេញ​ពី​សហគមន៍​ដី​ក្រហម​​​​ទៅ​រក​នៅ​ក្នុ​ង​សហគមន៍​តង់ខៀវ បាន​​​ថ្លែង​ថា អ្នកស្រីនិង​ក្រុម​គ្រួសារ​ជួបការ​លំបាក​ខ្លាំង​នៅពេល​រស់​នៅ​ក្នុង​សហគមន៍​តង់​ខៀវ​ដំបូង។

    សិស្សនៅសាលាដើមស្វាយ

    អ្នកស្រី​ថ្លែង​ថា៖ “កាលពី​​ពួក​យើងមក​រស់នៅ​ទីនេះ​ដំបូង យើង​រស់​នៅក្នុង​ខ្ទមដែលយក​ឈើគងលើគ្នា ហើយ​​ប្រក់​​សំពត់​តង់​។ គាត់​ [អ្នកស្រី​ ផាន់ លក្ខិណា] ជួយ​សង់​ផ្ទះ​ឱ្យយើង”។

    ក្រោយ​មកដើម្បី​ជួយ​ដល់កុមារ​ក្រីក្រ​នៅក្នុង​តំបន់នោះឱ្យ​ទទួលបានការសិក្សា​ចំណេះ​ទូទៅ ​​អង្គការ​របស់​អ្នកស្រី​បានបង្កើត​​សាលា​រៀន​មួយ​ឈ្មោះ​ថា សាលា​រៀន​ដើម​ស្វាយ នៅ​ឆ្នាំ​២០១៤ ដែល​ផ្តល់ការ​សិក្សា​ពីថ្នាក់​ទី១ ដល់ទី ៦។

    ផាន់-លក្ខិណា

    សាលាដើមស្វាយបានផ្តល់ការសិក្សាដល់សិស្សចំនួន ៣១៩ នាក់​ក្នុង​ពេល​បើក​ដំណើការ​ពី​ឆ្នាំ​២០​១៤ ដល់២០១៩។ ជាអកុសល​ សាលា​ចំណេះ​ទូទៅ​មួយ​នេះ​បាន​បិទ​​នៅ​ឆ្នាំ​២០១៩ ដោយសារ​កង្វះខាត​មូលនិធិ។​

    សម្រាប់ឆ្នាំ​សិក្សា​២០២១​នេះ អង្គការ​ម៉ាណាជីវិត​បាន​ផ្តល់​ការ​សិក្សា​ដល់សិស្ស​ចំនួន៦៥ ​នាក់​ តាម​រយៈការ​ផ្តល់​អាហារូបករណ៍​ដល់​ពួក​គេ​​ពី ៥០% ទៅ ១០០​% ឱ្យ​ទៅ​រៀននៅ​សាលា​ឯកជន​។ ចំពោះ​គ្រួសារ​ណា​ដែល​មាន​ការ​ខ្វះ​ខាត​ខ្លាំង អង្គការ​របស់​អ្នក​ស្រី​ក៏​ផ្តល់​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់ និង​អង្ករ​ផង​ដែរ។

    អង្គការ​ក៏​ទទួលបាន​មូលនិធិ​​ពី​សប្បុរស​ជន​មួយ​ចំនួ​ន​ទៀត​ផង​ដែរ។ ​អ្នកស្រី​​​ លក្ខិណាបាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ​​បន្ថែមទៀត​ ដើម្បី​រក្សា​និរន្តរភាព​របស់អង្គការ​។ មានពេលខ្លះ អ្នកស្រី​​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដែលជា​​ប្រាក់​​ចំណូល​របស់គ្រួសារ ដើម្បី​រក្សា​លំនឹង​របស់​អង្គការ​ក្នុងពេល​ខ្វះខាត​មូលនិធិ ជា​ពិសេស​ក្នុងពេល​កើត​មាន​ជំងឺកូវីដ​-១៩ ដែល​សប្បុរជន​និង​ព្រះ​វិហារ​ដែលជា​ម្ចាស់ជំនួយ​បានផ្អាក និង​កាត់បន្ថយ​ជំនួយ។

    អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូ Smart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង សហគមន៍​របស់​ខ្លួន។

    ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

    ដើម្បី​ចូលមើល​វីដេអូអំពី​អ្នកស្រី ផាន់ លក្ខិណា សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖ https://www.facebook.com/watch/?v=736701273670822

    សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ