(បរទេស)៖ កាលពីពេលថ្មីៗនេះមានដំណឹងថា WhatsApp កំពុងសាកល្បងមុខងារផ្ទេរទិន្នន័យពីឧបករណ៍ Android ទៅ iPhone។ ដោយឡែកនៅថ្ងៃនេះ WhatsApp បានប្រកាសអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ខណៈមុខងារនេះពីមុនមានតែក្នុង Beta ប៉ុណ្ណោះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
តាមរបាយការណ៍បានឱ្យដឹងថា WhatsApp នឹងអនុញ្ញាតឱ្យផ្ទេរទិន្នន័យពីគណនីដូចជា Profile Photo, Individual Chats, Group Chats, Chat History, Media និង Settings ជាដើម។ ក្នុងនោះដែរដើម្បីអាចផ្ទេរទិន្នន័យទាំងនោះបានតម្រូវឱ្យអ្នកប្រើប្រាស់ឧបករណ៍ Android ទាំងអស់ធ្វើការអាប់ដេតទៅ Android 5.0 ឬខ្ពស់ជាងនេះ រីឯអ្នកប្រើប្រាស់ឧបករណ៍ iPhone វិញអាចដំណើរការបានចាប់ពី iOS 15.5 ឡើងទៅប៉ុណ្ណោះ។
លើសពីនេះអ្នកប្រើប្រាស់ទាំងអស់ត្រូវអាប់ដេតកម្មវិធី WhatsApp ទៅ Version 2.22.7.74 ឡើងទៅនៅលើ Android Device រួមជាមួយនឹង Version 2.22.10.70 ឡើងទៅលើ iOS Device។ យ៉ាងណាមិញចំពោះដំណើរការផ្ទេរនេះនឹងដំណើរការតែនៅលើ iPhone ថ្មីឬត្រូវបាន Reset ពីរោងចក្រប៉ុណ្ណោះ ដែលវាបានបង្កើតឡើងរួចជាស្រេចសម្រាប់ប្រើជាមួយមុខងារ App Move to iOS របស់ Apple សម្រាប់ Android (ក្នុងនោះវាបានធ្វើការផ្លាស់ប្តូររួចជាស្រេចរួមមាន Contacts, calendar entries, SMS messages និងមានជាច្រើនទៀត)។
ដូច្នេះដើម្បីអាចផ្ទេរទិន្នន័យពី Android ទៅ iOS បានអ្នកប្រើប្រាស់ត្រូវភ្ជាប់ WiFi ដូចគ្នា ឬ Power Source ហើយត្រូវមើលតាមការណែនាំដែលមាននៅលើ App Move to iOS នោះ។ គួរបញ្ជាក់ដែរថា សម្រាប់ដំណើរការផ្ទេរនោះអ្នកប្រើប្រាស់មានជម្រើសតែមួយគត់គឺត្រូវប្រើប្រាស់លេខទូរស័ព្ទដូចគ្នាទាំង Android Device និង iOS Device ថ្មីនោះ៕