• ថៅកែ​ស្រី​បោះ​ដុំ​គ្រឿងក្រ​អូប ជិះ Ford ចាក់សាំង​អស់ 40$ អត់​ឲ្យ​លុយ​គេ ចេញមុខ​បកស្រាយ​ថា…

    ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ទាក់ទងរឿងរ៉ាវដ៏ហួសចិត្តមួយ ធ្វើឲ្យមហាជនរិះគន់ផ្អើលតែម្តង ចំពោះស្រ្តីម្នាក់ដែលគេស្គាល់ថាជាថៅកែលក់គ្រឿងក្រអូបបោះដុំ ដែលបានបើករថយន្តទំនើប Ford ចូលចាក់សាំងអស់ចំនួន 40$ តែបែរជាអត់ឲ្យលុយ ហើយថែមទាំងបើកឡានចាកចេញយ៉ាងរំភើយ បើទោះជាបុគ្គលិកចាក់សាំង ព្យាយាមរត់ដេញតាមហៅឲ្យឈប់ ក៏គាត់មិនខ្ចីឮ ទាំងដែលកញ្ចក់រថយន្តនៅបើកចំហរ។

    ក្រោយករណីនេះបានកើតឡើង ភ្លាមៗនោះ ការ៉ាស់សាំងនោះក៏បានបង្ហោះសារតាមទំព័រហ្វេសប៊ុករបស់ខ្លួន សូមឲ្យស្រ្តីរូបនោះចូលមកទូទាត់ ដោយបានសរសេររៀបរាប់ថា៖ «សូមអញ្ជេីញអ្នកនាងដ៏ស្រស់ស្អាតដែលបេីកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ៏​ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង​ 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង​ 12:17នាទី​ថ្ងៃត្រង់​»។

    តែទោះជាយ៉ាងណា ក្រោយពីបានឃើញមហាជននាំគ្នារិះគន់ប្រើពាក្យសម្តីធ្ងន់ៗ ហៅសុទ្ធ ថោកណាស់ មីថោកទាប ចាក់សាំងគេមិនឲ្យលុយ ឬជិះឡានថ្លៃ តែអន់ចរិក ជាដើមនោះ នៅពេលនេះ ថៅកែស្រីលក់គ្រឿងក្រអូបរូបនេះ បានចេញមុខបកស្រាយបន្ថែមពីសារដែលខ្លួនបានបញ្ជាក់បន្ថែម និងបោះសម្តីចង់រករឿងវែងឆ្ងាយជាមួយថៅកែការ៉ាស់សាំងទៀតផង ព្រោះខឹងខ្លាំងបំផុតដាក់ Caption ហៅរូបនាង សុទ្ធតែ «អ្នកនាងដ៏ស្រស់ស្អាត»។

    តាមរយៈការផ្តល់បទសម្ភាសន៍បកស្រាយជាមួយសារព័ត៌មានក្នុងស្រុកមួយ ស្រ្តីរូបនេះដែលមានឈ្មោះហៅក្រៅ ម៉ាក់ ចន្ទ្រា បោះដុំ បានរៀបរាប់អះអាងថា នៅពេលនោះ គឺនាងរវល់ជាប់និយាយជាមួយកូនចៅ រឿងការងាររកស៊ី ហើយដោយសារកាសជាប់នឹងត្រចៀក ក៏ភ្លេចឲ្យលុយទៅ និងថា ខ្លួនជិះឡានតម្លៃ ៦-៧ ម៉ឺនដុល្លារ មុខមាត់រកស៊ីធំដុំប៉ុណ្ណឹងដែរ មិនមែនចង់លក់មុខត្រឹមសម្បត្តិលុយ 40 $ ហ្នឹងទេ។ តែទន្ទឹមនឹងទទួលស្គាល់កំហុស ស្រ្តីរូបនេះ ក៏បានស្តីបន្ទោសបុគ្គលិកចាក់សាំងថា ហេតុអ្វីមិនគោះទ្វារផាំងៗទៅ ចាំបាច់រត់តាមហៅ គឺនាងមិនឮទេ ព្រោះកាសជាប់ត្រចៀកស្តាប់មិនឮ។

    លើសពីនេះ ស្រ្តីរូបនេះ ក៏បាននិយាយថា អត់ចង់បញ្ចប់ ព្រោះរូបនាងជាជនរងគ្រោះ ដោយសារម្ចាស់ការ៉ាស់សាំងផុស ទោះលុបផុសចេញពីផេកក៏ដោយ ព្រោះថា ខណៈពេលនេះ រូបនាងកំពុងរងព្យុះរិះគន់ពីមហាជន។ ប៉ុន្តែ នៅពេលសួរថាតើចង់ប្តឹងទេ នាងបានបោះសម្តីទៅកាន់ម្ចាស់ការ៉ាស់សាំងថា អត់ចង់ប្តឹងស្អីទេ ព្រោះមិនចង់ចំណាយពេលវេលាជាមួយមនុស្សអត់ប្រយោជន៍…៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ