(អូកឡិន)៖ ព្រឹត្តិការណ៍ប្រកួតតេន្នីសកម្រិតកំពូល នឹងវិលត្រឡប់ទៅកាន់ប្រទេសណូវែលសេឡង់វិញ នៅខែមករាឆ្នាំក្រោយជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ ដែលយុទ្ធនាការ Auckland Open នេះ មានការប្រកួតទាំងផ្នែកបុរស និងនារី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
កីឡាការិនី Serena Williams ជាម្ចាស់ពានរង្វាន់ជើងឯកចុងក្រោយនៃកម្មវិធី WTA នៅឯទីលាន ASB Tennis Centre របស់ណូវែលសេឡង់ កាលពីដើមឆ្នាំ២០២០ មុនពេលប្រទេសមួយនេះបានបិទខ្ទប់ព្រំដែនរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ការរឹតបន្តឹងលើការធ្វើដំណើរត្រូវបានលុបចោលក្នុងឆ្នាំនេះ ហើយរដ្ឋាភិបាលបានលើកឡើងកាលពីខែឧសភាថា ព្រំដែនអន្តរជាតិនឹងបើកពេញលេញ ដើម្បីទទួលភ្ញៀវចាប់ពីចុងខែកក្កដា។ នេះជាការបើកផ្លូវសម្រាប់ព្រឹត្តិការណ៍កម្តៅសាច់ដុំ Australian Open ចំពោះការវិលត្រឡប់ទៅកាន់ទីក្រុង Auckland ជាទីក្រុងធំជាងគេបំផុតរបស់ណូវែលសេឡង់ ស្ថិតក្រោមអ្នកដឹកនាំព្រឹត្តិការណ៍ថ្មី គឺបុរសសញ្ជាតិបារាំង Nicolas Lamperin។
បើតាមអ្នករៀបចំបានឲ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំ២០២៣ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៤ ខែមករា ជាមួយនឹងព្រឹត្តិការណ៍ Australian Open ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមករា៕