• ចំណេះដឹងទូទៅ៖ តើអំពូលភ្លើងចាប់ផ្ដើមមានតាំងពីពេលណា ហើយបង្កើតដោយអ្នកណា?

    (អាមេរិក)៖ អំពូលអគ្គិសនី គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់បម្រើដល់ផលប្រយោជន៍មនុស្សជាតិយើង នាពេលបច្ចុប្បន្ន ខណៈអ្នកប្រើប្រាស់ភាគច្រើនតែងតែមានការចាប់អារម្មណ៍ថា តើឧបករណ៍អគ្គិសនីប្រភេទនេះចាប់ផ្ដើមមានតាំងពីពេលណា ហើយបង្កើតឡើងដោយអ្នកណាមុនគេ?

    ត្រលប់ទៅកាន់អតីតកាលជាង ១៤០ ឆ្នាំមុន យើងនឹងបានស្គាល់អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់ ដែលជាអ្នកបង្កើតអំពូលអគ្គិសនីនេះ គាត់គឺមានឈ្មោះថា ថូម៉ាស អាល់វ៉ា អេឌីសុន (Thomas Alva Edison)។ លោកជាមនុស្សដែលចង់ដឹង និងចង់ស្គាល់នូវអ្វីផ្សេងៗជាច្រើន រហូតដល់ពេលខ្លះ ស្ទើរតែនឹងបាត់បង់ជីវិតដោយសារតែការចង់ដឹងច្រើនលើកច្រើនសានោះ។

    ថូម៉ាស់ អេឌីសុន កើតនៅថ្ងៃទី១១ ខែកុម្ភៈ គ្រិស្ដសករាជ ១៨៤៧ ក្នុងភូមិមីលឡាន (Milan) នៃរដ្ឋអូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក។ លុះដល់គ្រិស្ដសករាជ ១៨៥៤ គ្រួសារអេឌីសុនបានផ្លាស់ទីលំនៅទៅកាន់រដ្ឋមីស៉ីហ្គេន (Michigan) វិញ ដោយសារតែកត្តាជីវភាព និងការងារ។ នៅក្នុងផ្ទះថ្មីនេះ កុមារអេឌីសុនបានសុំបន្ទប់មួយពីឪពុកម្ដាយរបស់គេ ដើម្បីធ្វើជាទីពិសោធន៍ផ្ទាល់ខ្លួន។ រឿងដែលអេឌីសុនយកចិត្តទុកដាក់ខ្លាំងជាងគេនោះ គឺមុខវិជ្ជាគីមីវិទ្យា និងរូបវិទ្យា។

    មុនការបង្កើតអំពូលអគ្គិសនីដែលយើងកំពុងនិយាយនេះ ថូម៉ាស អេឌីសុន បានអភិវឌ្ឍឧបករណ៍អេឡិចត្រនិកជំនាន់មុនៗ និងថែមទាំងបានបង្កើតឧបករណ៍ថ្មីៗមួយចំនួនទៀត ក្នុងនោះមានដូចជាការអភិវឌ្ឍ «ម៉ាស៉ីនអង្គុលីលេខ» ឱ្យដំណើរការកាន់តែរហ័ស ការអភិវឌ្ឍការប្រើប្រាស់ទូរស័ព្ទឱ្យកាន់តែទំនើបមួយកម្រិតទៀតពីជំនាន់មុនដំបូងបង្អស់។ ក្រៅពីនេះ លោកក៏ជាអ្នកបង្កើតម៉ាស៉ីនចម្រៀងដំបូងគេបង្អស់ផងដែរ។ កេរ្តិ៍ឈ្មោះរបស់អេឌីសុនកាន់តែល្បីខ្ទ័រខ្ទាពេញទឹកដីសហរដ្ឋអាមេរិកនាសម័យនោះ រហូតដល់ទទួលបានកិត្តិយសអញ្ជើញឱ្យចូលជួបប្រធានាធិបតីសហរដ្ឋអាមេរិកទី១៩ លោក រ៉ាត់ដឺរហ្វដ ប៊ី. ហេសិ៍ (Rutherford B. Hayes) ផងដែរ។

    លុះដល់គ្រិស្ដសករាជ ១៨៧៨ ថូម៉ាស អេឌីសុន បានចាប់ផ្តើមធ្វើការងារពិសោធន៍បង្កើតចង្កៀងអគ្គិសនីលើកដំបូង ដែលប្លែកពីចង្កៀងដុតប្រេង ឬឧស្ម័ននៅជំនាន់មុនៗ។ នៅមុនការបង្កើតចង្កៀង ឬអំពូលអគ្គិសនីរបស់លោក អេឌីសុន ក៏ធ្លាប់មានបុគ្គលជាច្រើនរូបបានព្យាយាមអភិវឌ្ឍអំពូលអគ្គិសនីនេះឲ្យល្អឥតខ្ចោះផងដែរ ប៉ុន្តែសមិទ្ធផលរបស់ពួកគេសុទ្ធតែជួបនូវបញ្ហាទាំងអស់ ដូចជាបញ្ចេញពន្លឺមិនបានយូរ មានតម្លៃថ្លៃពេក ឬត្រូវការកម្លាំងចរន្តធំខ្លាំងជាដើម។ កត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍអំពូលអគ្គិសនី គឺស្វែងរកអង្គធាតុល្អបំផុតមួយ ដើម្បីធ្វើជាសរសៃឆ្មារសម្រាប់បញ្ចេញពន្លឺ។

    ថូម៉ាស អេឌីសុន បានយល់ច្បាស់ថា ដើម្បីកាត់បន្ថយតម្រូវការកម្លាំងចរន្តអគ្គិសនី និងដើម្បីឲ្យអំពូលមានអាយុកាលប្រើប្រាស់បានយូរ គេត្រូវការអង្គធាតុដែលមានរេស៊ីស្តង់ខ្ពស់ ហើយធន់នឹងកម្តៅខ្លាំង។ ក្រោយធ្វើតេស្តលើអង្គធាតុរាប់រយប្រភេទផ្សេងៗគ្នារួចមក អេឌីសុន ក៏អាចបង្កើតអំពូលអគ្គិសនីល្អបំផុតជាលើកដំបូងមួយនៅគ្រិស្តសករាជ ១៨៧៩។ ក្នុងការបង្កើតអំពូលអគ្គិសនីនេះ លោកបានយកសរសៃអំបោះធ្វើពីកប្បាសទៅដុតឱ្យក្លាយជាធ្យូងកាបូន ហើយបញ្ចុះធ្យូងកប្បាសឆ្មារៗនោះ ទៅក្នុងអំពូលកែវមួយដែលគ្មានអុកស៉ីសែនសូម្បីតែបន្តិច។ អំពូលនោះក៏បញ្ចេញពន្លឺបាន ១៤ ម៉ោង។

    ទោះជាបែបនេះក៏ដោយ ថូម៉ាស អេឌីសុន និងក្រុមការងារនៅតែបន្តពិសោធលើអង្គធាតុផ្សេងៗ ដើម្បីអភិវឌ្ឍអំពូលអគ្គិសនីនេះមានសមត្ថភាពបំភ្លឺបានកាន់តែយូរ។ ទីបំផុត ក្នុងគ្រិស្ដសករាជ ១៩៨០ លោកក៏បានរកឃើញថា ឫស្សីអាចប្រើជាប្រភពបញ្ចេញពន្លឺបានដល់ជាង ១,២០០ ម៉ោង គឺបានយូរជាងអង្គធាតុណាៗទាំងអស់នាពេលនោះ ទោះបីវាបញ្ចេញពន្លឺមិនសូវខ្លាំងក៏ដោយ។

    សូមជម្រាបថា ក្រៅពីការបង្កើតអំពូលអគ្គិសនី និងឧបករណ៍ផ្សេងទៀតនោះ លោកក៏ជាអ្នកបង្កើតភាពយន្តនិយាយមុនគេផងដែរ។ នៅក្នុងជីវិតការងាររបស់អ្នកវិទ្យាសាស្ត្រអគ្គិសនីចរន្តជាប់រូបនេះ គឺមានភាពមមាញឹកខ្លាំងណាស់ ដោយលោកបានប្រើពេលធ្វើការតាមប្រក្រតីក្នុងមួយថ្ងៃ ២០ ម៉ោង ហើយបើនិយាយពីពេលគេងវិញ គឺគ្រាន់តែតម្រង់ខ្នងស្ងាត់ស្ងៀមមួយស្របក់ក្នុងបន្ទប់ធ្វើការតែប៉ុណ្ណោះ។ នៅថ្ងៃទី១៨ ខែតុលា គ្រិស្ដសករាជ ១៩៣១ ថូម៉ាស អេឌីសុន ក៏បានដល់នូវមរណកាលក្នុងជន្មាយុ ៨៤ ឆ្នាំ នៅរដ្ឋញូវចឺរស៉ី (New Jersey) សហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ