• កម្ពុជាបន្ថែមមេដាយ ៣គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១

    (ហាណូយ)៖ កម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងបន្ថែមទៀតហើយ ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ទីក្រុងហាណូយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ ធ្វើឲ្យកម្ពុជាកើនមេដាយសរុបដល់ ១៧គ្រឿង ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលជានាយបេសកកម្មស៊ីហ្គេមកម្ពុជា ។

    សម្រាប់មេដាយ ដែលអត្តពលិកកម្ពុជា ដណ្ដើមបានថ្ងៃនេះ រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ ។ មេដាយមាស ដណ្ដើមបានដោយក្រុមកីឡាប៉េតង់ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ២នាក់ ទល់ ២នាក់ គឺកីឡាករ ស៊ិន វង់ និងកីឡាការិនី វង់ ចន្ថា បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ១៣-៤ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចមិញ ។

    រីឯមេដាយប្រាក់ និងមេដាយសំរឹទ្ធ រកបានដោយក្រុមកីឡាករតេក្វាន់ដូ WT ក្នុងនោះកីឡាករ សំ យូដេត ទទួលបានមេដាយប្រាក់ បន្ទាប់ពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាញ់កីឡាករថៃ ដោយលទ្ធផល ៣៤-៥ពិន្ទុ ក្នុងទម្ងន់ ៥៨គីឡូក្រាម ខណៈមេដាយសំរឹទ្ធ រកបានដោយកីឡាករ ឈួន សុខឡុង ក្រោយរងរបួសជើងមិនអាចបន្ដការប្រកួតបានត្រឹមទឹក២ ក្នុងទម្ងន់ ៦៨គីឡូក្រាម ជាមួយម្ចាស់ផ្ទះវៀតណាម ។

    តាមរយៈលទ្ធផលខាងលើ នាំឲ្យកម្ពុជា បន្ដឈរលេខរៀងទី៨ បណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត បន្ទាប់ពីដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ២ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ១០ ។ ចំពោះមេដាយមាសដំបូងរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ គឺដណ្ដើមបានដោយកីឡាករប្រដាល់ឃីកបុកស៊ីង ទូច រ៉ាឆាន់ ។

    នាយបេសកកម្មខាងលើ បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាបាន និងកំពុងប្រកួតកីឡាចំនួន ២៨ប្រភេទហើយ ហើយនៅសល់ ៥ប្រភេទកីឡាទៀត នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃបន្ដបន្ទាប់ ក្នុងនោះមានកីឡាមួយចំនួន ដែលកម្ពុជា រំពឹងដណ្ដើមបានមេដាយជូនជាតិបន្ថែមទៀត ដូចជាកីឡាវ៉ូវីណាម, តេក្វាន់ដូ WT, ចំបាប់, ការ៉ាតេ,ប៉េតង់, ប្រដាល់គុនខ្មែរ និងកីឡាប្រដាល់សកលជាដើម ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ