• លោក Putin ចូលវះកាត់ ចំពេលសង្គ្រាមកំពុងផ្ទុះកាន់តែខ្លាំង

    រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងត្រូវទទួលការវះកាត់ នៅក្នុងមន្ទីរពេទ្យ ហើយអំណាចរបស់គាត់ នឹងត្រូវផ្ទេរទៅឲ្យអតីតឧត្តមសេនីយ៍ឯកផ្នែកសេវាចារកម្មបរទេសរបស់រុស្ស៊ី កាន់ជាបណ្ដោះអាសន្ន។

    សារព័ត៌មានចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ថា មេដឹកនាំរុស្ស៊ី ត្រៀមវះកាត់ ហើយអំណាចលើការធ្វើសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន នឹងផ្ទេរទៅឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខ លោក ណីកូលៃ ប៉ាទ្រូសែវ (Nikolai Patrushev)។ ជាមួយគ្នានេះដែរ ក៏មានសេចក្ដីរាយការណ៍ជាច្រើន បានលើកឡើងថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កើតជំងឺមហារីក ជំងឺផាកឃីនសុន និង រោគសញ្ញាជំងឺផ្លូវចិត្ដ។

    បើតាមប្រភព ពីអ្នកនៅក្នុងវិមានក្រឹមឡាំង បានលើកឡើងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រហែលជាត្រូវបង្ខំចិត្ត បោះបង់នូវការគ្រប់គ្រងសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ខណៈគាត់ត្រូវបានកំណត់ សម្រាប់ការវះកាត់មហារីក។ មេដឹកនាំផ្តាច់ការរុស្ស៊ី នឹងតែងតាំងប្រធានក្រុមប្រឹក្សាសន្តិសុខ និង ជាអតីតប្រធាន FSB លោក Nikolai Patrushev ដើម្បីគ្រប់គ្រងការការធ្វើសង្គ្រាម ខណៈគាត់ស្ថិតក្រោមការវះកាត់។

    សារព័ត៌មាន New York Times បានផ្សាយ ដោយដកស្រង់ប្រភព ពីបណ្តាញ Telegram ដែលគ្រប់គ្រងដោយអតីតឧត្តមសេនីយ៍ឯកផ្នែកសេវាចារកម្មបរទេសរបស់រុស្ស៊ី ថា ថ្មីៗនេះ លោក ពូទីន ត្រូវបានគ្រូពេទ្យប្រាប់ថា មេដឹកនាំវិមានក្រឹមឡាំង ត្រូវតែទទួលការវះកាត់។

    សេចក្ដីរាយការណ៍នេះ បានបន្ថែមថា ការវះកាត់ និង ការជាសះស្បើយ ត្រូវគេរំពឹងទុកថា នឹងធ្វើឱ្យលោក ពូទីន បាត់បង់សមត្ថភាព នៅក្នុងរយៈពេលខ្លី។ បើផ្អែកលើរាងកាយ និង អាកប្បកិរិយាមិនសមរម្យ នៅតាមទីសាធារណៈរបស់លោក ពូទីន នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គឺសារព័ត៌មាន New York Times ( NYT) បានកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេនិយាយ តាមពាក្យចចាមអារ៉ាមថា ទទួលរងគ្រោះ ពីជំងឺមហារីក រួមជាមួយជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ដូចជា ជំងឺផាកឃីនសុន (Parkinson ) ជាដើម។

    ដោយឡែក មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានអះអាងថា សេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការវះកាត់របស់លោក ពូទីន មិនមានការបញ្ជាក់ ពីអ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ចន ឃើប៊ី (John Kirby) បានទេ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍នោះ គឺមន្ត្រីអាមេរិក បានបញ្ជាក់ថា «ខ្ញុំមិនបានឃើញអ្វីដែលអាចជួយយើង បញ្ជាក់អំពីអំពីករណីនេះបានទេ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ