• សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះជាង ១ភាគរយនៅត្រីមាសទីមួយឆ្នាំនេះ

    (វ៉ាស៊ីនតោន)៖ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងត្រីមាសទី ១ ឆ្នាំនេះ ដោយសារការកើនឡើងជាថ្មីនេះចំនួនករណីជំងឺកូវីដ-១៩ បានរំខានដល់សកម្មភាពសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មអាមេរិកបានប៉ាន់ប្រមាណនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ១,៤% កាលពីត្រីមាសមុន។ នោះគឺជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីមានវិបត្តិជំងឺរាតត្បាតក្នុងរយៈពេលជិតពីរឆ្នាំមកនេះ។ សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងអត្រា ៦,៩% ដែលជាកំណើនដ៏រឹងមាំនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

    សេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាករថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើងក្នុងអត្រា ១,១% នៅត្រីមាសទី១ ឆ្នាំនេះ។ ការប៉ាន់ប្រមាណនានាចំពោះសេដ្ឋកិច្ចអាមេរិកមានចាប់ពីធ្លាក់ចុះ ១,៤ % រហូតដល់កំណើន ២,៦%។

    ការធ្លាក់ចុះនៃទិន្នផលសេដ្ឋកិច្ចនេះបានឆ្លុះបញ្ចាំងពីឱនភាពពាណិជ្ជកម្មកាន់តែធំ និងកម្រិតនៃការទិញទំនិញបំពេញស្តុកថមថយ។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ការចំណាយរបស់អ្នកប្រើប្រាស់មានភាពរឹងមាំ ហើយការវិនិយោគក្រុមហ៊ុនអាជីវកម្មលើការទិញ ផលិត ឬធ្វើទំនើបកម្មឧបករណ៍ផលិតកម្មបានកើនឡើងយ៉ាងខ្លាំង។ កត្តានេះជួយឱ្យមានតម្រូវការក្នុងស្រុក ដោយមិនរាប់បញ្ចូលពាណិជ្ជកម្ម ការស្តុកទំនិញ និងការចំណាយរបស់រដ្ឋាភិបាល ដែលកើនឡើងយ៉ាងខ្លាំងពីអត្រាកំណើន ២,៦% នៅត្រីមាសទី៤ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ