• ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្ពស់, ក្រសួង រៀបចំផែនការពង្រាយកន្លែងបញ្ចូលថាមពលឱ្យបានកាន់តែច្រើន

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការប្រើប្រាស់រថយន្តអគ្គិសនីកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។ រយៈពេល៣ខែឆ្នាំ២០២២ មានការកើនឡើង ៧០០ភាគរយ បើធៀបនឹង ៣ខែឆ្នាំ២០២១ ដោយបានកើនពី ៧គ្រឿង រហូតដល់ ៤៧គ្រឿង។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីចំណេញទាំងបរិស្ថាន និងសេដ្ឋកិច្ចគ្រួសារ។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការប្រើរថយន្តអគ្គិសនីមិនមានការបំពុលទៅក្នុងបរិយាកាស ហើយជួយសន្សំសំចៃលើការចំណាយរហូតដល់ទៅ៣ដង បើធៀបការប្រើរថយន្តដើរដោយប្រេងឥន្ធនៈ។

    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កន្លែងបញ្ចូលថាមពលរថយន្តអគ្គិសនីនៅស្ថានីយប្រេងកាល់តិចនៅផ្លូវព្រៃស នាថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសកម្ពុជាយើងបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំពុលក្នុងបរិយាកាសឱ្យបាន២៧ភាគរយនៅឆ្នាំ២០៣០ ហើយឱ្យក្លាយទៅជាសូន្យនៅឆ្នាំ២០៥០។ ដូចនេះជាចំណែកតូចមួយក្នុងការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន»។

    លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកអញ្ជូន បានអះអាងថា ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនេះ រាជរដ្ឋាភិបាល និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវកម្មវិធីជាច្រើន។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចយកពន្ធនាំចូលរថយន្តអគ្គិសនី ទាបជាងរថយន្តដើរដោយប្រេងឥន្ធនៈ។ រថយន្តដើរដោយប្រេងឥន្ធនៈតម្រូវឱ្យបង់ពន្ធប្រមាណ ១២០ភាគរយលើតម្លៃរថយន្ត ដោយឡែករថយន្តអគ្គិសនីបង់ពន្ធនាំចូលត្រឹម ៦៣ភាគរយប៉ុណ្ណោះ។

    បន្ថែមពីលើនេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងប្រឹងប្រែងពង្រាយកន្លែងបញ្ចូលថាមពល ដែលជាចលករមួយជំរុញដល់ការប្រើប្រាស់រថយន្តអគ្គិសនី។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បច្ចុប្បន្នកន្លែងបញ្ចូលថាមពលនេះ មាននៅក្រសួងសាធារណការមួយទីតាំង មាននៅខេត្តព្រះសីហនុ ហើយពេលខាងមុខនឹងមាននៅខេត្តបាត់ដំបង និងសៀមរាប។ បន្ថែមពីលើនោះក្រសួងក៏បាននិងកំពុងពិភាក្សាជាមួយក្រុមហ៊ុនឯកជន វិនិយោគលើការបង្កើតកន្លែងបញ្ចូលថាមពលនេះ ហើយក្រុមហ៊ុន បានផ្តល់កន្លែងបញ្ចូលថាមពល ៤ទីតាំងសម្រាប់ក្រសួងផងដែរ។

    ជាមួយគ្នានេះ ក្រសួងក៏បានជជែករួចហើយជាមួយស្ថានីយប្រេងឥន្ធនៈនានា បង្កើតឱ្យមានកន្លែងបញ្ចូលថាមពលនៅតាមស្ថានីយប្រេងឥន្ធនៈ ដូចជានៅស្ថានីយប្រេងឥន្ធនៈកាលតិចលើផ្លូវព្រៃស។

    លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឱ្យដឹងដែរថា នៅពេលខាងមុខរូបលោកមានគម្រោងជជែកជាមួយក្រុមហ៊ុនដឹកជញ្ជូនអាហារឱ្យជ្រើសយកម៉ូតូប្រើអគ្គិសនីសម្រាប់ការដឹកជញ្ជូន។ លោក ស៊ុន ចាន់ថុល មានសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគតការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងនៅកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ