ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលនេះពិតជាបានផ្តល់ឱកាសដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមជាមួយនឹងគោលនយោបាយដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសល្អ បង្កលក្ខណ:អំណោយផលលើការវិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រីបានទាញអារម្មណ៍បន្ថែមថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ ជារួមបាននិងកំពុងធ្វើការផ្លាស់ប្តូរ ទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ។ ឧទាហរណ៍ការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារ បានប្តូងទៅជាការចិញ្ចឹម ក្នុងកសិដ្ឋាន ជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និងគុណភាព។ មួយវិញទៀត ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ-ក្របីត្រូវបានប្តូរតួនាទី ពីការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា អនុវិស័យផលិតកម្មសត្វ បាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ ឆ្ពោះទៅគោលដៅមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន គឺជាការអភិវឌ្ឍអនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដាចិញ្ចឹម តាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាន នៃការគ្រប់គ្រងកសិដ្ឋាន ប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងភាតរបរិស្ថាន ហើយចុងក្រោយផលិតបានផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រផលិតចំណីសត្វ គឺពិតជាឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងថា ការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណាយផល សម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់ របស់ក្រសួង ដែលត្រូវសហការចូលរួមបំពេញតួនាទី ដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ក្នុងបរិបទកូវីដ-១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕