(មែនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester United បានសម្រេចកិច្ចព្រមព្រៀងតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការទូទៅថ្មីពេញសិទ្ធរបស់ក្លិប បន្ទាប់ពីលោក Ole Gunner Solskjaer ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League ក្នុងកិច្ចសន្យាដឹកនាំចាប់ពីរដូវកាលក្រោយដល់ខែមិថុនាឆ្នាំ២០២៥។ នេះបើតាមក្លិបបានប្រកាសឲ្យដឹងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
បុរសវ័យ ៥២ឆ្នាំសញ្ជាតិហូឡង់ Erik ten Hag នឹងចូលកាន់តួនាទីគ្រូបង្វឹកនាកីឡដ្ឋាន Old Trafford បន្ទាប់ពីគ្រូបណ្តោះអាសន្នលោក Ralf Rangnick នៅបញ្ចប់រដូវកាល២០២១-២២នេះ ខណៈលោក Ralf Rangnick អាចផ្លាស់ទៅធ្វើជាទីព្រឹក្សាវិញ គ្រាដែលលោក Erik ten Hag នឹងក្លាយជាអ្នកចាត់ការជាអចិន្រ្តៃយ៍ទី៥ របស់ក្លិបរហស្សនាមបិសាចក្រហម បន្ទាប់ពីលោក Sir Alex Ferguson ចំណោមគ្រូ ៥នាក់ចុងក្រោយនេះ។
លោក Erik ten Hag បានលើកឡើងថា« វាពិតជាកិត្តិយសអស្ចារ្យដែលបានតែងតាំងជាអ្នកចាត់ការក្រុម Man United ខ្ញុំពិតជារំភើបរីករាយជាខ្លាំងនៃការប្រកួតប្រជែងពេលខាងមុខ» ខណៈបច្ចុប្បន្នលោកកំពុងដឹកនាំក្រុម AFC Ajax របស់លីគហូឡង់ ដែលចូលកាន់តំណែងនេះតាំងពីឆ្នាំ២០១៧ ដែលជួយក្រុមនេះឈ្នះពានលីគកំពូល Eredivisie ២រដូវកាល, KNVB Cup និងពាន Johan Cruyff Shield 2019។
ដែលក្នុងរដូវកាលនេះក្លិប AFC Ajax ស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងឈរលើកំពូលតារាងលីគ Eredivisie 2021-22 រកបាន ៧២ពិន្ទុបណ្តោះអាសន្នមាន ៤ពិន្ទុលើសក្រុម PSV Eindhoven ដែលនៅសល់ ៥ប្រកួតទៀតត្រូវបញ្ចប់រដូវកាលនេះ ខណៈបានត្រឹមជើងឯករងពាន Dutch Cup 2022៕