• កម្ពុជា សម្រេចកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចូលប្រទេសកម្ពុជា សម្រាប់អ្នកដំណើរមកពីបរទេស ដែលមិនទាន់ចាក់វ៉ាក់សាំង មកនៅត្រឹមរយៈពេល៧ថ្ងៃ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាលកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយចូលមកកម្ពុជា ដោយបន្ថយថ្ងៃធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមេសានេះ។

    លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លើលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖

    ១៖ កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ។

    ២៖ កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖
    ក- អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស៖ ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
    ខ- អ្នកដំណើរមកពីបរទេសតាមព្រំដែនគោក៖ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

    ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់ដូសទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះ ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីមណ្ឌលចត្តាឡីស័ក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ