• សម្តេចតេជោ៖ កម្ពុជាជាប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា ជាប្រទេស ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។

    ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ កម្ពុជាក្លាយទៅជាប្រទេសទី១០ របស់អាស៊ាន ដែលមានមនុស្សឆ្លងតិចជាងគេ»។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសប្រ៊ុយណេ មានប្រជាពលរដ្ឋត្រឹម៤៤ម៉ឺននាក់ ចំនួនអ្នកឆ្លងបានឡើងដល់១៤ម៉ឺននាក់ ក្នុងពេលដែលកម្ពុជា មានប្រជាពលរដ្ឋ១៧លាននាក់ គឺអ្នកឆ្លងត្រឹម១៣ម៉ឺននាក់ និងឡាវ មានអ្នកឆ្លង២០ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋ៧លាននាក់។

    ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យត្រូវបន្ដតាមដានជាប់ជាប្រចាំ និងគ្រប់គ្រងឲ្យជាប់ ចំពោះបញ្ហាកូវីដ-១៩ ហើយក្នុងករណីចាំបាច់ ត្រូវមានវិធានការភ្លាមៗ។

    សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាទប់ស្កាត់កូវីដ១៩ មិនមែនស្ថិតនៅលើប្រទេស ដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ។

    បើតាមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងកូវីដ១៩ ដែលរកឃើញដោយក្រសួងសុខាភិបាល បានកើនដល់២៧នាក់ ខណៈម្សិលមិញមានត្រឹម១៤នាក់។

    សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,០៩០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣២,៨០១នាក់, ស្លាប់សរុបចំនួន ៣,០៥៥នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ