• Nadal មកហ្វឹកហាត់វិញ ក្រោយសម្រាកព្យាបាលឆ្អឹងជំនី អស់ ១ខែមកនេះ

    (ម៉ាឌ្រីដ)៖ ជើងខ្លាំងផ្នែកវាយកូនបាល់ (Tennis) សញ្ជាតិអេស្ប៉ាញ Rafael Nadal បានវិលត្រឡប់មកហ្វឹកហាត់វិញហើយ ក្រោយសម្រាកព្យាបាលរបួសបាក់ឆ្អឹងជំនីរបស់លោកអស់រយៈពេល ៤សប្តាហ៍ ស្មើនឹងពេញមួយខែក្នុងការត្រៀមចូលរួមប្រជែងពាន French Open 2022 នៅប្រទេសបារាំង។ នេះបើតាមការឲ្យដឹងពី CNA នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

    ការប្រកួតក្នុងកម្មវិធី French Open 2022 ខាងមុខនេះ ក៏ជាការប្រជែងពានជាលើកទី១៤ របស់ Rafael Nadal ផងដែរ បន្ទាប់ពីឈ្នះបាន ១៣លើករួចមក ខណៈបញ្ហារបួសបាក់ឆ្អឹងជំនីរបស់លោក បានកើតឡើងនៅឯការប្រកួតពាន Indian Wells ដែលកីឡាករ Taylor Fritz ជាម្ចាស់ជើងឯក។

    បញ្ហារបួសខាងលើនេះបានធ្វើឲ្យលោកមិនបានចូលរួមប្រកួតនៅក្នុងកម្មវិធីវាយកូនបាល់លើទីលានដីឥដ្ឋ Monte Carlo និងពាននៅទីក្រុង Barcelona Open 2022 ដ្បិតលោកបានសរសេរលើបណ្តាញសង្គមថា «ថ្ងៃនេះក្រោយពេល ៤សប្តាហ៍ដែលមិនបានចូលប្រកួតលើទីលាន ហើយនេះជាការហ្វឹកហាត់តិចៗឡើងវិញ»។

    គួររំលឹកផងថា បុរសវ័យ ៣៥ឆ្នាំ Rafael Nadal ជាកីឡាករផ្នែកវាយកូនបាល់ទោលម្នាក់ដែលឈ្នះពានកម្រិត Grand Slam បានចំនួន ២១លើកមាន Australian ២ដង, French Open ១៣ដង, Wimbledon ២ដង និងពាន US Open ៤ដង ដ្បិតលោកនឹងអាចមានវត្តមាននៅប្រកួតក្នុងព្រឹត្តិការណ៍កម្រិត ATP Masters 1000 នាទីក្រុង Madrid Open ចាប់ពីថ្ងៃទី០១-០៨ ក៏ដូចជាកម្មវិធី Italian Open ចាប់ផ្តើមនៅថ្ងៃទី០៩-១៥ មុនពេលការប្រកួត French Open នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ