• ប្រធានាធិបតីស្រីលង្កាថា នឹងមិនលាលែងពីតំណែងឡើយ ទោះប្រឈមមុខនឹងវិបត្តិ បាតុកម្មតវ៉ា

    (កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងមិនលាលែងពីតំណែងឡើយ បើទោះជា លោកកំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែងពីសំណាក់ក្រុមបាតុករ និងគណបក្សប្រឆាំងក៏ដោយ។ នេះបើតាមរដ្ឋមន្ត្រីស្រីលង្កា ម្នាក់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

    ថ្លែងប្រាប់សភាជាតិ ជាការឆ្លើយតបទៅនឹងការរិះគន់ពីគណបក្សប្រឆាំង និងការស្រែកទាមទារឱ្យលោក រ៉ាចាប៉ាកសា ចុះចេញពីតំណែង, រដ្ឋមន្ត្រីផ្លូវហាយវ៉េ លោក ចនស្ដុន ហ្វែរណាន់ដូ (Johnston Fernando) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមរំឮកអ្នកទាំងអស់គ្នាឡើងវិញថា ប្រជាជនស្រីលង្កា ៦.៩លាននាក់បានបោះឆ្នោតគាំទ្រលោកប្រធានាធិបតី រ៉ាចាប៉ាកសា ហើយក្នុងនាមជារដ្ឋាភិបាលមួយ យើងចង់បញ្ជាក់ឱ្យ ច្បាស់ថាលោកប្រធានាធិបតីនឹងមិនលាលែងចេញពីតំណែងទេ ទោះបីជាស្ថិតនៅក្រោមកាលៈទេសៈបែបណាក៏ដោយ។ យើងនឹងប្រឈមមុខ នឹងការពិត»។

    គួរបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានលុបចោលការប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន បន្ទាប់ពីសមាជិកសភារាប់សិបនាក់ បានសម្រេចចាកចេញពីសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលចម្រុះស្រីលង្កាដែលកំពុងកាន់អំណាច ធ្វើឱ្យរដ្ឋាភិបាលរបស់លោកក្លាយជាក្រុមសំឡេងភាគតិចនៅក្នុងសភា។ ស្រីលង្កា បច្ចុប្បន្ន កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពោរពេញដោយបំណុល និងការកង្វះខាតស្បៀងអាហារ, ថ្នាំពេទ្យ, ប្រេងឥន្ធនៈ រហូតឈានដល់ការផ្តាច់ចរន្តអគ្គិសនីរាប់ម៉ោងមួយថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ