• កូរ៉េខាងជើង ព្រមានប្រើអាវុធនុយក្លេអ៊ែរលើកូរ៉េខាងត្បូង បើខ្លួនរងការវាយប្រហារ

    (សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង (Kim Yo Jong) បាននិយាយថាកូរ៉េខាងជើងប្រឆាំងជាដាច់ខាត នឹងសង្រ្គាម ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខយោធា ឬក៏បើកការវាយប្រហារណាមួយ នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង នឹងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

    ការព្រមានខាងលើរបស់អ្នកនាង គីម យូជុង ធ្វើឡើងតាមរយៈការដកស្រង់សម្ដីដោយប្រព ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះជាមួយ ការសង្កត់ធ្ងន់ថារដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានបង្កកំហុសមួយដ៏ធំ នោះគឺការអត្ថាធិប្បាយថ្មីៗនេះពីការវាយប្រហារលើកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូស វ៉ុក (Suh Wook) កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានលើកឡើងថាយោធានៃប្រទេសរបស់លោកមាន សមត្ថភាពវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសកូរ៉េខាងជើង។

    ការអត្ថាធិប្បាយបែបនេះបានឱ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀក រហូតដល់ប្អូនលោក គីម ជុងអ៊ុន ចេញមុខព្រមានប្រើអាវុធនុយក្លេអ៊ែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ KCNA អ្នកនាង គីម យូជុង បានកត់សម្គាល់ថាកូរ៉េខាងជើងប្រឆាំងនឹងសង្រ្គាមដែលនឹងបង្កការបំផ្លិចបំផ្លាញ ដល់ឧបទ្វីបកូរ៉េ ហើយក៏មិនបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងនោះដែរ។ ប៉ុន្តែ ប្រសិនបើកូរ៉េខាងត្បូងបើកការវាយប្រហារណាមួយលើ ឬហ៊ាន បំពានចូលទឹកដីកូរ៉េខាងជើងសូម្បីតែមួយចំអាម នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងនឹងបំពេញកាតព្វកិច្ចរបស់ពួកគេភ្លាម។

    គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, អ្នកនាង គីម យូជុង និងក្រុមមន្ត្រីកូរ៉េខាងជើងក៏បានចេញមុខថ្កោលទោសការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូស វ៉ុក (Suh Wook) អមជាមួយការព្រមានដូចគ្នាដែរថាទីក្រុងព្យុងយ៉ាងនឹងកម្ទេចគោលដៅធំៗនៅក្នុង ទីក្រុងសេអ៊ូល បើកូរ៉េខាងត្បូងធ្វើសកម្មភាពយោធាដ៏គ្រោះថ្នាក់ណាមួយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ