• អាកាសយានដ្ឋានអន្តរជាតិតេជោ លក់មូលបត្របំណុលតម្លៃ៣លានដុល្លារបន្ថែមទៀត

    (ភ្នំពេញ)៖ ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិ «តេជោ» នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ បានលក់មូលបត្របំណុលតម្លៃ៣លានដុល្លារ ឲ្យក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

    ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងមានការចូលរួមពីសំណាក់លោក Clement Yang ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។

    ការចុះហត្ថលេខា រវាងក្រុមហ៊ុន Medtecs និងក្រុមហ៊ុន CAIC នេះ ដើម្បីចូលរួមចំណែក ក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងគាំទ្រ ដោយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

    តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា «ថវិកាដែលបានមកពីការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ»។

    គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

    ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថាន ហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ