• ស្រីលង្កា ផ្ដាច់អគ្គិសនី ១០ម៉ោងក្នុងមួយថ្ងៃ ខណៈប្រឈមមុខនឹងការខ្វះខាតឥន្ធនៈធ្ងន់ធ្ងរ

    (កូឡុំបូ)៖ ប្រទេសស្រីលង្កា នៅថ្ងៃពុធនេះ បានសម្រេចការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីដល់ទៅ ១០ម៉ោងក្នុងមួយថ្ងៃនៅទូប្រទេស ខណៈវារីអគ្គិសនី មិនអាចដំណើរការបាន ព្រោះខ្វះប្រភពថាមពលទឹក បន្ថែមពីលើបញ្ហាខ្វះឥន្ធនៈដែលកំពុងកើតឡើងស្រាប់។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

    អាជ្ញធរអគ្គិសនីស្រីលង្កាបាននិយាយថា «អគ្គិសនីត្រូវបានកាត់ផ្តាច់រយៈពេល ១០ម៉ោង ក្នុងមួយថ្ងៃ ដោយសារតែមិនមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់ដំណើរការម៉ាស៊ីនភ្លើង ខណៈកាលពីដើមខែមីនានេះ ការកាត់ផ្តាច់អគ្គិសនី ត្រូវធ្វើឡើងត្រឹមតែ៧ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ»។ ជាង ៤០ភាគរយនៃការផលិតអគ្គិសនីរបស់សី្រលង្កា ត្រូវបានបង្កើតចេញពីវារីអគ្គិសនី ប៉ុន្តែភាគច្រើននៃអាងស្តុកទឹកកំពុងប្រឈមនឹងការខ្វះខាតទឹក ដោយសារតែគ្មានភ្លៀងធ្លាក់។

    ជាមួយគ្នានោះដែរ ការផលិតអគ្គិសនីភាគច្រើន គឺប្រើធ្យូងថ្ម និងឥន្ធនៈ ប៉ុន្តែការនាំចូលក៏មានការខ្វះខាតដែរ ដោយសារតែស្រីលង្កា មិនមានរូបិយបណ្ណបរទេសគ្រប់គ្រាន់ក្នុងការដោះដូរ ឬចំណាយលើការនាំចូល។

    គួរបញ្ជាក់ថា ក្រុមហ៊ុនលក់ប្រេងឥន្ធនៈរដ្ឋដ៏សំខាន់ សេយឡុន ផេត្រូលៀម ខបផើរ៉េសិន (Ceylon Petroleum Corporation) ឬ CPC បានប្រកាសថានឹងគ្មានការចែកចាយប្រេងម៉ាស៊ូត ក្នុងប្រទេសរយៈពេល២ថ្ងៃ។ CPC បានប្រាប់ដល់ប្រជាជនដែលតម្រង់ជួរចាំទិញប្រេងឥន្ធនៈ ឲ្យត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំរហូតដល់មានការអនុញ្ញាតឲ្យនាំចូលនិងចែកចាយប្រេង ក្នុងប្រទេសឡើងវិញ។

    តម្លៃឥន្ធនៈបានហក់ឡើងខ្ពស់ចាប់តាំងពីដើមឆ្នាំនេះ ខណៈប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២លាននាក់មួយនេះ កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ ដោយសារតែកង្វះខាតរូបិយបណ្ណបរទេស ដើម្បីទូទាត់លើការនាំចូល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ