• រដ្ឋាភិបាលកូរ៉េ នឹងជួយសាងសង់អគារថ្មីកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារ ដល់មន្ទីរពេទ្យកុមារជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានកម្ពស់៥ជាន់មានតម្លៃ១៦លានដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារកាន់តែប្រសើរឡើងថែមទៀត។

    ក្នុងឱកាសចុះត្រួតពិនិត្យសមិទ្ធិផលនានារបស់រដ្ឋាភិបាលកូរ៉េនៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ជាមួយលោកស្រី បណ្ឌិត អ៊ីម ចុងហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ, លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា អគារមន្ទីរពេទ្យថ្មីមួយទៀតមានកម្ពស់៥ជាន់ដែលមានទំហំជាង៨,៣០០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ១៦លានដុល្លារ ដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជា តាំងពីកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។

    លោកសាស្ត្រាចារ្យបានបន្តថា «គម្រោងនេះយើងបានបញ្ចប់ការសិក្សាលំអិត នឹងបានអនុម័តថវិការួចរាល់ហើយដែរ ទៅមុខទៀតដល់ដំណាក់កាលគូប្លង់សាងសង់បន្ទាប់មកទៀតមានការដេញថ្លៃហើយតាមផែនការ គ្រោងនឹងសាងសង់នៅដើមឆ្នាំ២០២៣ ដោយប្រើការសាងសង់រយៈពេល៣ឆ្នាំ»។

    លោកសាស្ត្រាចារ្យបានបន្តទៀតថា អគារថ្មីនេះមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុងម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹមជាដើម។

    លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ក្នុងអគារថ្មីនោះ អាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។

    លោកសាស្ត្រាចារ្យបានបញ្ជាក់ថានេះ គឺជាអគារទី២ហើយដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១កូរ៉េ បានសាងសង់រួចរាល់ និងបានដាក់្យដំណើរការរួចហើយដែលមានកម្ពស់៣ជាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ