• កំណើនសេដ្ឋកិច្ចរបស់វៀតណាម ថយចុះមកនៅត្រឹម ៥ភាគរយនៅត្រីមាសទីមួយឆ្នាំនេះ

    (ហាណូយ)៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានធ្លាក់ចុះក្នុងត្រីមាសទីមួយឆ្នាំនេះ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងបានរារាំងដល់ការស្ទុះងើបឡើងវិញនៃឧស្សាហកម្ម និងអាជីវកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Boomberg។

    យោងតាមការប៉ាន់ស្មានរបស់ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥,០៥% ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះធ្លាក់ចុះពីអត្រា ៥,២២% ដែលបានរាយការណ៍នៅកន្លងមកសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២១។

    កំណើននៅត្រីមាសទីមួយនេះក៏មានកម្រិតទាបជាងការព្យាករជាមធ្យមដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg ផងដែរ ដែលបានស្ទង់មតិលើសេដ្ឋវិទូចំនួន៧នាក់។ ការស្ទង់មតិនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើង ៥,៥ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២២នេះ។

    សភារបស់ប្រទេសវៀតណាមកាលពីខែមករា បានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានតម្លៃប្រហែល ៣៤៧ទ្រីលានដុង (១៥,២ប៊ីលានដុល្លារ) ដើម្បីស្តារសេដ្ឋកិច្ចដែលរងការបំផ្លាញដោយសារជំងឺកូវីដ-១៩។ ថវិការនេះនឹងផ្តោតលើការបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងជួយអាជីវកម្ម និងកម្មករដែលរងគ្រោះដោយការរាតត្បាតជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលរំពឹងថានឹងជួយលើកកម្ពស់កំណើនផលិតផលក្នុងស្រុកសរុបដល់ ៦% ទៅ ៦,៥% នៅឆ្នាំនេះ។

    ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៥,៥% នៅឆ្នាំនេះ ខណៈដែលក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទាន Fitch Ratings រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងកើនឡើងដល់ ៧,៩% ដោយសារការងើបឡើងវិញនៃតម្រូវការក្នុងស្រុក និង ការកើនឡើងអត្រាចាក់វ៉ាក់សាំង។ កាលពីឆ្នាំមុន សេដ្ឋកិច្ចវៀតណាមកើនឡើង ២,៦ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Boomberg៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ