• ព្រឹកនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់ចិនប្រមាណ ៣.៥លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា

    (ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

    វ៉ាក់សាំងដែលដឹកមកដល់ថ្ងៃស្អែកនេះ គឺជាវ៉ាក់សាំងស្ថិតក្នុងចំនួន ៥លានដូសនៃជំនួយថ្មី ២០លានដូស ដែលរដ្ឋាភិបាលចិន បានប្រកាសផ្តល់ជូនកម្ពុជា។ ក្នុងនោះ វ៉ាក់សាំងប្រមាណ ១.៥លានដូស នៃចំនួន ៥លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមីនា។

    ក្នុងឱកាសអញ្ជើញពិនិត្យការដឹកមកដល់នូវវ៉ាក់សាំងជំនួយជាថ្មីរបស់ចិន នាព្រឹកថ្ងៃទី២៩ ខែមីនា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជំនួយរបស់ចិន ដែលបានដឹកមកដល់នេះនឹងយកទៅបម្រើដល់ដំណើរការចាក់ដូសជំរុញ។

    បើតាមលោកស្រី យក សម្បត្តិ វ៉ាក់សាំងជាជំនួយរបស់ចិន ប្រមាណ ១៥លានដូសទៀត ដែលមិនទាន់ដឹកមកនោះ កំពុងស្ថិតក្នុងការជជែកគ្នា ហើយអាចនឹងរៀបចំដឹកមកកម្ពុជា ក្រោយខែកញ្ញា ឆ្នាំ២០២២។ ផែនការរៀបចំបែបនេះ ក៏ដោយសារតែក្នុងចន្លោះខែមេសា រហូតដល់ខែកញ្ញា កម្ពុជា មានផែនការទទួលវ៉ាក់សាំងតាមរយៈយន្តការកូវ៉ាក់ និងប្រទេសជាមិត្តមួយចំនួនទៀត រហូតដល់ទៅ៧លានដូស។

    សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានដឹកមកដល់ប្រទេសនៅព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ ១.៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនា ប្រមាណ ៣.៥លានដូស គឺជាចំនួនវ៉ាក់សាំងដំណាក់កាលដំបូង ៥លានដូស ដែលជាជំនួយថ្មី ២០លានដូស ដែលលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។

    ប្រទេសចិន គឺជាប្រទេសដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

    ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយវ៉ាក់សាំងជាបន្តបន្ទាប់។ បើតាមលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

    មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន។ ទាំងការបញ្ជាទិញ និងជំនួយ កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនជិត ៤០លានដូស សម្រាប់បម្រើក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ