• លោកប្រធានាធិបតី Biden នឹងស្នើការប្រមូលពន្ធអប្បបរមាលើមហាសេដ្ឋីធ្វើជាផ្នែកមួយនៃផែនការថវិកាឆ្នាំ២០២៣

    (វ៉ាស៊ីនតោន)៖ ឯកសារមួយដែលចេញផ្សាយដោយសេតវិមានបានបង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងស្នើការប្រមូលពន្ធអប្បបរមាលើមហាសេដ្ឋីអាមេរិកធ្វើជាផ្នែកមួយនៃផែនការថវិកាសារពើពន្ធឆ្នាំ២០២៣ ដែលត្រូវបានរំពឹងថានឹងត្រូវបានបង្ហាញនៅថ្ងៃចន្ទនេះ។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា «ពន្ធលើប្រាក់ចំណេញអប្បបរមារបស់មហាសេដ្ឋី» ដែលស្នើឡើងដោយលោក Biden នឹងកំណត់អត្រាពន្ធអប្បបរមា ២០% លើគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាង ១០០លានដុល្លារ ពោលគឺស្ថិតនៅក្នុងផែនការមួយដែលភាគច្រើននឹងកំណត់ទិសដៅលើមហាសេដ្ឋីអាមេរិជាង ៧០០នាក់។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបន្តថា ផែនការនេះនឹងតម្រូវឱ្យគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាង ១០០លានដុល្លារនេះបង់ពន្ធអប្បបរមាចំនួន ២០% លើប្រាក់ចំណូលទាំងអស់របស់ពួកគេ រួមទាំងប្រាក់ចំណូលពីការវិនិយោគដែលមិនទាន់សម្រេចបាន ដែលឥឡូវនេះមិនត្រូវបានបង់ពន្ធ។

    ការដកហូតពន្ធនេះនឹងជួយកាត់បន្ថយឱនភាពថវិកាប្រហែល ៣៦០ប៊ីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។

    សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនបានស្នើច្បាប់ដកហូតពន្ធលើមហាសេដ្ឋីដើម្បីជួយចំណាយលើផែនការផ្លាស់ប្តូរសង្គម និងការប្រែប្រួលអាកាសធាតុរបស់លោក Biden ដែលគេស្គាល់ថាជាផែនការ «Build Back Better» ទោះបីជាកញ្ចប់ចំណាយនេះមិនដំណើរការទៅមុខដោយសារតែការគាំទ្រមិនគ្រប់គ្រាន់នៅក្នុងព្រឹទ្ធសភាក៏ដោយ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ