• ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់បាត់ដំបង នឹងសម្រេចការសាងសង់នៅឆ្នាំក្រោយ

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលនេះកំណាត់ផ្លូវជាតិលេខ៥ ពីភូមិព្រែកក្តាមក្នុងស្រុកពញាឮ ខេត្តកណ្តាល ដល់ខេត្តបាត់ដំបង បានសម្រេចការសាងសង់ ៦៣% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣ខាងមុខនេះ។

    លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture (CC1-CIENCO6 JV) លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) សម្រាប់កញ្ចប់ការងារទី៤ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត។

    លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា «ចំណែកកំណាត់ផ្លូវពីព្រែកក្តាម ទៅដល់បាត់ដំបង សព្វថ្ងៃនេះបានធ្វើហើយប្រហែល ៦៣ភាគរយហើយ អញ្ចឹងឆ្នាំក្រោយយើងនឹងបញ្ចប់ការសាង់សង់ផ្លូវពីព្រែកក្តាម ទៅដល់បាត់ដំបង»។

    គំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ក្រុងប៉ោយប៉ែត ប្រវែងសរុប៣៦៦គីឡូម៉ែត្រ ចំណាយថវិកាសរុបប្រមាណ ៥០០លានដុល្លារ ដោយក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នឹងត្រូវបានបែងចែកជាបីកំណាត់រួមមាន៖

    ១៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤.៧៤ គីឡូម៉ែត្រ ដែលបាននឹងកំពុងអនុវត្តក្រោមកញ្ចប់សាងសង់ចំនួនពីរ ហើយនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ ១៤៣.០៤លានដុល្លារ ដោយប្រើរយៈពេលសាងសង់៣ឆ្នាំ។

    ២៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង១៣៥.២៥ គីឡូម៉ែត្រ នឹងត្រូវអនុវត្តក្រោមកញ្ចប់សាងសង់ចំនួនបី ដោយនឹងចំណាយទឹកប្រាក់ សាងសង់ប្រមាណ២៤៦.៣៥ លានដុល្លារ និងត្រូវការរយៈពេល៤ឆ្នាំ សម្រាប់ដំណើរការសាងសង់។

    ៣៖ កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល និងបញ្ចប់ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែងសរុប ១៤៦.០៤ គីឡូម៉ែត្រ។

    លោកទេសរដ្ឋមន្ដ្រីក៏បានបញ្ជាក់ដែរថា ក្រសួងក៏កំពុងរៀបចំកញ្ចប់ដាក់ដេញថ្លៃ សម្រាប់ការដាក់ជញ្ជីងថ្លឹងរថយន្តនៅ លើកផ្លូវជាតិលេខ៥នេះ ចំនួន៦កន្លែង ដើម្បីចូលរួមទប់ស្កាត់ការដឹកជំនិញលើសទម្ងន់នៃច្បាប់ ដែលធ្វើឱ្យផ្លូវឆាប់ខូចផងដែរ។

    លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងដែរថា សម្រាប់កំណាត់ផ្លូវជាតិលេខ៥ ដែលបានសាងសង់ហើយ និងកំពុងសាងសង់ គឺបានធ្វើឡើងតាម លក្ខណៈបច្ចេកទេស ត្រឹមត្រូវ និងតាមសៀវភៅបន្ទុកដែលបានដាក់ដេញថ្លៃត្រឹមត្រូវ តាមនីតិវិធីរបស់ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយក្រសួងក៏មានទីប្រឹក្សា បច្ចេកទេស ឯករាជ្យមួយទៀត រួមទាំងមន្ត្រីជំនាញក្រសួងចូលរួមតាមដានក្នុងការកសាងសង់ផ្លូវនេះផងដែរ។

    វិសាលភាពនៃគំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត)រួមមាន៖

    * ការពង្រីកកំណាត់ផ្លូវជាតិដែលមានស្រាប់ពី២គន្លង ទៅ៤គន្លង មានទទឹងសរុប២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ដោយក្រាលជំនួសដោយកៅស៊ូ AC (Asphalt Concrete) និងមានសួនច្បារកណ្តាល

    * ការសាងសង់ផ្លូវវាងក្រុងសរុបចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង មានទទឹង២៣ម៉ែត្រ និងមានសួនច្បារកណ្តាល

    * ការសាងសង់ឡើងវិញ ការពង្រីកស្ពានចាស់ និងការសាងសង់ស្ពានថ្មី ដែលស្ថិតក្នុងកំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ