(ហ្សឺរិច)៖ FIFA បានផ្លាស់ប្តូរទម្រង់នៃការប្រកួតវគ្គជម្រុះ World Cup សម្រាប់តំបន់អូសេអានី បន្ទាប់ពីប្រទេសដែនកោះឃុក និងវ៉ានូអាទូ បានដកខ្លួនចេញពីការប្រកួត ដោយសារតែមានករណីវិជ្ជមានជំងឺកូវីដ១៩ ដែលបានប៉ះពាល់ ដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ, នេះបើតាមការបញ្ជាក់ពី ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
ទាំងប្រទេសឃុក និងវ៉ានូអាទូ ស្ថិតក្នុងពូល A ប៉ុន្តែ FIFA បានលើកឡើងថា ការប្រកួតទាំងអស់ ដែលទាក់ទងនឹងក្រុមទាំងពីរនេះ “មិនអាចធ្វើឡើងបាននោះទេ”។
ករណីនេះ បានបណ្តាលឲ្យក្រុមចំនួន២ផ្សេងទៀត ក្នុងពូល ដែលមានប្រទេសកោះសាឡូម៉ូន និងតាហ៊ីទី នឹងប្រកួតក្នុងពូលរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ, ដែលត្រូវបានចាត់ទុក ជាការប្រកួតជម្រុះផ្តាច់ព្រ័ត្រតែមួយប្រកួតប៉ុណ្ណោះ ដើម្បីកំណត់ក្រុមឈ្នះ និងក្រុមជើងឯករង ក្នុងពូល A។ ប្រសិនបើការប្រកួតបញ្ចប់ដោយលទ្ធផលស្មើ, ពួកគេនឹងប្រកួតថែមម៉ោង និងបន្តការស៊ុតបាល់ប៉េណាល់ទី ប្រសិនបើចាំបាច់។
ណូវែលសេឡង់ បានឡើងផុតហើយពីពូល B ខណៈប៉ាពូញ៉ូវហ្គីណេ និងហ្វីជី ដែលមាន៣ពិន្ទុដូចគ្នានោះ នឹងដណ្តើមគ្នាយកចំណាត់ថ្នាក់ទី២ នៅក្នុងពូល នៅពេលពួកគេប៉ះគ្នា។
តំបន់អូសេអានី, ដែលមិនមានកន្លែងស្វ័យប្រវត្តិ នៅឯ World Cup នោះ, នឹងរៀបចំការប្រកួតខ្នាតតូចមួយ នៅទីក្រុង Doha ដើម្បីសម្រេចថាតើក្រុមមួយណា អាចឡើងទៅកាន់វគ្គជម្រុះផ្តាច់ព្រ័ត្រអន្តរទ្វីប ក្នុងការទទួលកៅអីមួយ នៅឯការប្រកួតផ្តាច់ព្រ័ត្រ នៅកាតា៕