• តារាសម្តែងជួរមុខរបស់រុស្ស៉ី លោកស្រី Chuplan Khamatova ត្រូវបន្តនិរទេសខ្លួននៅបរទេស ក្រោយបាន​ចូល​រួមប្រឆាំងលោក ពូទីន

    (បរទេស)៖ តារាសម្តែងស្រីល្បីល្បាញរបស់រុស្ស៉ី លោកស្រី Chuplan Khamatova ដែលទស្សនិកជនទូទៅស្គាល់ជាអន្តរជាតិថា បានចូលរួមសម្តែងក្នុងរឿង «Good By Lenin» ក្នុងឆ្នាំ២០០៣ នោះ បាននិយាយថា នាងត្រូវនិរទេសខ្លួន នៅក្រៅប្រទេស ក្រោយបានចូលរួមប្រឆាំងលោក ពូទីន ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

    តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៉ី នាពេលថ្មីៗនេះ និងមានការផ្សាយផ្ទាល់លើបណ្តាញសង្គម YouTube ផងនោះ តារាស្រីវ័យ៤៦ឆ្នាំ Khamatova បានឲ្យដឹងថា នាងបាននឹងកំពុងស្ថិតក្នុងទីក្រុង Riga នៃប្រទេសឡាតវី អស់រយៈពេល២ទៅ៣សប្តាហ៍មកហើយ ពោលគឺអំឡុងពេលសង្គ្រាមកើតមានឡើង នាងបានស្ថិតក្នុងប្រទេសនេះ ដើម្បីធ្វើដំណើរកំសាន្តវិស្សមកាល។

    តារាស្រីរូបនេះ បានបន្ថែមថា នឹងចាប់ផ្តើមគិតថា ខ្លួនមានសម្ពាធដោយមិនអាចធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៉ីវិញនោះទេ បន្ទាប់ពីបានចូលរួមចុះហត្ថលេខាលើញតិ្តមួយ ប្រឆាំងសង្គ្រាមនៅអ៊ុយយក្រែន ដែលធ្វើឡើងដោយរុស្ស៉ី ពោលគឺស្មើនឹងនាងប្រឆាំងលោកពូទីន។ តារាស្រីរូបនេះសង្គត់ធ្ងន់ថា បន្ទាប់ពីធ្វើបែបនេះហើយ នាងដឹងខ្លួនថា មិនអាចចូលក្នុងទឹកដីរុស្ស៉ីបាននោះទេ តែនាងដឹងច្បាស់ថា ការធ្វើបែបនេះមិនបានន័យថា នាងជាជនក្បត់ជាតិឡើយ ព្រោះនាងស្រឡាញ់ទឹកដីកំណើតរបស់នាងខ្លាំងណាស់។

    តែយ៉ាងណានាងថា ដើម្បីឲ្យរូបនាងអាចចូលប្រទេសរុស្ស៉ីវិញបាន នាងត្រូវបញ្ឈប់ការនិយាយថា សង្រ្គាមកំពុងកើតឡើង ឬសូមទោសចំពោះការមិនគាំទ្រប្រតិបត្តិការយោធា។ តែយ៉ាងណា ប្រសិនបើនាងធ្វើបែបនេះ ទំនងជាគ្មានអ្នកគាំទ្រនាងលើវិស័យសិល្បៈទៀតទេ។

    គួរជម្រាបថា ក្រោយបានទទួលការបណ្តុះបណ្តាលនៅបណ្ឌិតសភាសិល្បៈរុស្ស៊ី នៅទីក្រុងមូស្គូ តារាស្រីជួរមុខរបស់រុស្ស៉ី Khamatova បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តរបស់នាង នាអំឡុងឆ្នាំ ១៩៩៨ រហូតមកទល់នឹងបច្ចុប្បន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ