• ប្រេងឆៅឡើងថ្លៃ ខណៈសមាជិកសហភាពអឺរ៉ុបថ្លឹងថ្លែង លើការហាមឃាត់ទិញប្រេងរបស់រុស្ស៊ី

    (ញូវដែលី)៖ តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃអង្គារ ខណៈដែលសមាជិកសហភាពអឺរ៉ុបមួយចំនួនបានពិភាក្សាអំពីការហាមឃាត់ការទិញប្រេងពីប្រទេសរុស្ស៊ី ហើយការវាយប្រហារលើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីតបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទីផ្សារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    តម្លៃប្រេងប្រភេទ West Texas Intermediate បានកើនឡើង ២,២ដុល្លារ ឬ ១,៩៦% ដល់ ១១៤,៣២ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារ NYMEX ហើយតម្លៃប្រេងប្រភេទ Brent បានកើនឡើង ៣,១៨ដុល្លារ ឬ ២,៧៥% ដល់ ១១៨,៨០ដុល្លារក្នុងមួយធុងនៅ Intercontinental Exchange នៅព្រឹកថ្ងៃអង្គារនេះ។

    កិច្ចសន្យាទិញលក់ប្រេងទាំងពីរបានឡើងថ្លៃជាង ៧% កាលពីថ្ងៃចន្ទ ដោយសារការអាក់ខានការផ្គត់ផ្គត់ប្រេងបានដាក់បន្ទុកទៅលើទីផ្សារ។

    រដ្ឋមន្ត្រីក្រសួងការបរទេសសហភាពអឺរ៉ុបមានការខ្វែងគំនិតគ្នាអំពីថាតើត្រូវចូលរួមជាមួយសហរដ្ឋអាមេរិកឬយ៉ាងណាងក្នុងការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី ដោយប្រទេសមួយចំនួនរួមទាំងអាល្លឺម៉ង់ផងដែរនោះបានលើកឡើងថា អឺរ៉ុបពឹងផ្អែកខ្លាំងពេកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Edward Moya អ្នកវិភាគនៅក្រុមហ៊ុន OANDA ថា៖ «វាហាក់បីដូចជាពាណិជ្ជករថាមពលកាន់តែមានទំនុកចិត្តថា កង្វះការផ្គត់ផ្គង់នឹងកើតមានឆាប់ៗ»។

    លោក Moya បានបន្ថែមថា តម្លៃកំពុងកើនឡើង ដែលជាការឆ្លើយតបទៅនឹងកង្វល់ភូមិសាស្ត្រនយោបាយទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងជុំវិញការវាយប្រហារនៅទីតាំងផលិតកម្មប្រេងរបស់ក្រុមហ៊ុន Saudi Aramco របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

    លោមានប្រសាសន៍ថា៖ «ឥឡូវនេះ វាហាក់ដូចជាថា ហានិភ័យកំពុងកើនឡើង និងវាអាចជំរុញតម្លៃប្រេងឱ្យស្ទុះងើបកាន់តែខ្ពស់។

    អារ៉ាប៊ីសាអូឌីតបានព្រមានថា ខ្លួននឹងមិនទទួលខុសត្រូវចំពោះការអាក់ខានដល់ការផ្គត់ផ្គង់ពិភពលោកនោះទេ បន្ទាប់ពីការវាយប្រហារលើទីតាំងប្រេងរបស់ខ្លួនដោយក្រុមឧទ្ទាម Houthi ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ