• ម្ចាស់ឡាន Tundra ម្នាក់ ថាខ្លួនជាមន្ត្រីក្រសួង​ បើកបរបំពានច្បាប់បញ្ច្រាសផ្លូវ បង្កឲ្យមានការកកស្ទះដល់អ្នកដំណើរ លើចំណុចមហាវិថីព្រះនរោត្តម

    (ភ្នំពេញ)៖ រថយន្ដ Tundra មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2B0-8073 ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ និងយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ដោយធ្វើការពិន័យ និងឲ្យម្ចាស់ធ្វើការសុំទោសជាសាធារណៈចំពោះទង្វើបំពានច្បាប់របស់ខ្លួន។

    អ្នកបើកបររថយន្ដមួយគ្រឿងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីម្ចាស់ដែលទំនងជាស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង បានបើកយកទៅចតបញ្ច្រាសកណ្ដាលផ្លូវអ្នកដែលធ្វើដំណើរផ្ទុយ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ចំណុចមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

    បើតាមសេចក្ដីរាយការណ៍ បន្ទាប់ពីចតរថយន្ដចោលនៅកណ្ដាលផ្លូវបញ្ច្រាសគេរួចហើយនោះ ម្ចាស់រថយន្ដខាងលើ បានចាកចេញពីកន្លែងកើតហេតុ ចូលទៅក្នុងផ្ទះរបស់ខ្លួន ដែលគេសង្ស័យថានៅក្បែរនោះ ហើយបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

    លោក យិន សាន្ដ អធិការនគរបាលខណ្ឌចំការមន បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះថា បន្ទាប់ពីឃើញសកម្មភាពល្មើសច្បាប់បែបនេះ នគរបាលជំនាញក៏បានយករថយន្ដនេះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ និងកោះហៅម្ចាស់មកចូលខ្លួនផាកពិន័យតាមផ្លូវច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាអប់រំ សុំទោសជាសាធារណៈ។

    ជុំវិញករណីនេះ ការរិះគន់របស់មហាជនក៏បានធ្លាក់មកជាបន្ដបន្ទាប់ផងដែរ ក្រោយឃើញសកម្មភាពយ៉ាងគឃ្លើនរបស់អ្នកបើកបរ ដែលអះអាងថា ខ្លួនជាមន្ដ្រីក្រសួងមហាផ្ទៃ ហើយធ្វើសកម្មភាពល្មើសច្បាប់បែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ