• សង្គ្រាមនៅអ៊ុយក្រែន អាចជំរុញឱ្យប្រទេសក្រីក្រមួយចំនួន ជួបប្រទះកង្វះខាតការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ

    (វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនប្រឈមនឹងកង្វះខាតស្រូវសាលីរយៈពេលខ្លី ដោយសារការពឹងផ្អែកខ្លាំងរបស់ប្រទេសទាំងនោះលើការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន ដែលរងការអាក់ខានដោយសារការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ធនាគារពិភពលោកបានឱ្យដឹងក្នុងរបាយការណ៍ស្តីពីការឃ្លាំមើលពាណិជ្ជកម្មចុងក្រោយបំផុតរបស់ខ្លួនថា ប្រទេសហ្គំប៊ី លីបង់ ម៉ុលដាវី ជីប៊ូទី លីប៊ី ទុយនីស៊ី និងប៉ាគីស្ថាន ប្រឈមខ្លាំងបំផុតទៅនឹងការអាក់ខានពីការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន ដែលមានប្រហែល ៤០ភាគរយឬច្រើនជាងនេះនៃការនាំចូលស្រូវសាលីរបស់ប្រទេសទាំងនោះ។

    ធនាគារពិភពលោកបានឱ្យដឹងថា៖ «ប្រទេសនាំចូលទាំងនោះនឹងជួបការលំបាកក្នុងការផ្លាស់ប្តូរទៅរកប្រភពផ្គត់ផ្គង់ជំនួស ដែលអាចឈានទៅរកកង្វះការផ្គត់ផ្គង់ក្នុងរយៈពេលខ្លី»។

    ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់ដោយសារការដាក់កម្រិតលើការនាំចេញរបស់រុស្ស៊ីលើស្រូវសាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀតទៅកាន់ប្រទេសនានាលើកលែងតែប្រទេស ដែលជាសមាជិកសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (EEU) ដែលរួមមានប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៉ីស៊ីស្ថាន។

    យោងតាមទិន្នន័យរបស់ធនាគារពិភពលោក រុស្ស៊ីគឺជាប្រទេសនាំចេញស្រូវសាលីច្រើនបំផុតក្នុងឆ្នាំ២០១៨ ហើយអ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលីធំទី៥។ ប្រទេសទាំងពីរនេះរួមគ្នាមានការនាំចេញស្រូវសាលីប្រហែល ១ភាគ៤ នៃការនាំចេញពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ