• មូលនិធិ IMF លើកឡើងថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អាចផ្លាស់ប្តូរមូលដ្ឋានសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក

    (វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែននឹងប៉ះពាលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល តាមរយៈការធ្វើឱ្យកំណើនសេដ្ឋកិច្ចថមថយ និងជំរុញកំណើនអតិផរណា និងអាចផ្លាស់ប្តូរជាមូលដ្ឋានសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកល ក្នុងរយៈពេលវែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    IMF បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ក្រៅពីប៉ះពាល់ដល់ជីវិតមនុស្ស និងលំហូរជនភៀសខ្លួនជាប្រវត្តិសាស្រ្ត សង្គ្រាមនេះកំពុងធ្វើឱ្យតម្លៃអាហារ និងថាមពលកើនឡើង ដែលជំរុញអត្រាអតិផរណា និងប៉ះពាល់ដល់ប្រាក់ចំណូល ខណៈដែលធ្វើឱ្យមានការអាក់ខាន់ដល់ពាណិជ្ជកម្ម ចង្វាក់ផ្គត់ផ្គង់ និងប្រាក់បញ្ញើាពីក្រៅប្រទេសក្នុងប្រទេសជិតខាងមួយចំនួនរបស់ប្រទេសអ៊ុយក្រែន។

    IMF បានឱ្យដឹងទៀតថា សង្គ្រាមនេះក៏ប៉ះពាល់ដល់ទំនុកចិត្តអាជីវកម្ម និងបង្កើនភាពមិនប្រាកដប្រជាក្នុងចំណោមវិនិយោគិនផងដែរ ដែលនឹងប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម រឹតបន្តឹងដល់ស្ថានភាពហិរញ្ញវត្ថុ និងអាចជំរុញឱ្យមានលំហូរចេញមូលធនពីប្រទេសកំពុងអភិវឌ្ឍន៍។

    IMF បានបន្តថា៖ «ជម្លោះគឺជាបញ្ហាដ៏ធំមួយចំពោះសេដ្ឋកិច្ចពិភពលោក ដែលនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យតម្លៃទំនិញកើនឡើង»។

    ដោយលើកឡើងពីហានិភ័យកាន់តែខ្លាំងនៃភាពចលាចលក្នុងតំបន់មួយចំនួនរាប់ចាប់ពីអនុតំបន់អាហ្រ្វិកសាហារ៉ា និងអាមេរិកឡាទីនរហូតដល់តំបន់សមុទ្រខ្មៅ និងអាស៊ីកណ្តាល មូលនិធិ IMF បានឱ្យដឹងថា ប្រទេសនានាដែលមានការប្រឈមផ្ទាល់ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុ នឹងរងសម្ពាធកាន់តែខ្លាំង។

    ក្នុងពេលជាមួយគ្នានេះដែរ អសន្តិសុខស្បៀងទំនងជានឹងកើនឡើងបន្ថែមទៀតក្នុងផ្នែកខ្លះនៃទ្វីបអាហ្រិ្វក និងមជ្ឈិមបូព៌ា ជាទីដែលប្រទេសអេហ្ស៊ីបនាំចូល ៨០ភាគរយនៃស្រូវសាលីរបស់ខ្លួនពីរុស្ស៊ីនិងអ៊ុយក្រែន។

    IMF បានឱ្យដឹងទៀតថា ក្នុងរយៈពេលវែង «សង្គ្រាមនេះអាចផ្លាស់ប្តូរមូលដ្ឋានសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ បើពាណិជ្ជកម្មថាមពលផ្លាស់ប្តូរ ចង្វាក់ផ្គត់ផ្គង់រៀបចំឡើងវិញ បណ្តាញទូទាត់បែកខ្ញែក និងប្រទេសនានាគិតឡើងវិញអំពីការកាន់កាប់រូបិយប័ណ្ណបម្រុង»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ