(អាមេរិក)៖ ប្រធានផ្នែកជាន់ខ្ពស់របស់ Netflix បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុន Netflix មិនមានគម្រោងនាពេលបច្ចុប្បន្នក្នុងការផ្តល់ជូននូវជម្រើសនៃការចាក់ផ្សាយដែលរួមបញ្ចូលការផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែវានឹងអាចមាននៅពេលអនាគត។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។
ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) លោក Spencer Neumann បានលើកឡើងនៅពេលដែលត្រូវបានគេចោទសួរថា តើក្រុមហ៊ុន Netflix នឹងផ្លាស់ប្តូរគោលជំហរដ៏យូរអង្វែងរបស់ខ្លួនដែលសេវាកម្មនាពេលបច្ចុប្បន្នមិនមានការរួមបញ្ចូលការផ្សាយពាណិជ្ជកម្មនេះដែរទេ ខណៈដែលលោកបានធ្វើការបញ្ជាក់ថា «វាមិនមែនជាគោលដៅនៅក្នុងផែនការរបស់យើងនាពេលបច្ចុប្បន្ននោះទេ»។
គួរបញ្ជាក់ដែរថា អ្នកវិភាគ Wall Street មួយចំនួនបានជម្រុញឱ្យក្រុមហ៊ុន Netflix ដែលផ្តល់សេវាកម្ម Streaming ដ៏ធំបំផុតរបស់ពិភពលោក ដើម្បីឱ្យមានការផ្លាស់ប្តូរសេវាកម្មដែរមានតម្លៃទាប ប៉ុន្តែមានការរួមបញ្ចូលការផ្សាយពាណិជ្ជកម្មជំនួសវិញដើម្បីបង្កើនប្រាក់ចំណូលបានកាន់ខ្ពស់៕