• សម្តេចតេជោ សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការឡើងថ្លៃប្រេង (ការឡើងនេះគឺឡើងទូទាំងពិភពលោក)

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ បានសុំការយោគយល់ ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង ហើយការឡើងនេះ គឺមិនមែនតែកម្ពុជានោះទេ គឺឡើងនៅទូទាំងពិភពលោក។

    ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមពលរដ្ឋរបស់យើងមេត្ដាយោគយល់ ការឡើងថ្លៃប្រេង មិនមែនឡើងតែកម្ពុជានោះទេ ឡើងនៅគ្រប់ប្រទេសទាំងអស់ លើពិភពលោក»។

    សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេ សូម្បីតែប្រទេសផលិតប្រេង ក៏ប្រេងឡើងថ្លៃផងដែរ។

    ក្រសួងពាណិជ្ជកម្ម បានចេញកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃ០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតា ត្រូវលក់តម្លៃ៤,៨០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៥០០រៀល ក្នុង១លីត្រ។

    តម្លៃប្រេងឥន្ធនៈនេះ មានការកើនថ្លៃជាបន្តបន្ទាប់ ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយមតិមួយចំនួនខ្លះ បានលើកឡើងថា ការឡើងថ្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគេ។

    ជុំវិញការឡើងថ្លៃនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់ប្រាប់ Fresh News ឲ្យដឹងថា ការកើនឡើងនេះ អាស្រ័យលើការ កើនឡើងចុះនៃតម្លៃប្រេងទីផ្សារអន្ដរជាតិ ព្រោះកម្ពុជាពឹងផ្អែក ពីការនាំចូលប្រេង។

    លោក ប៉ែន សុវិជាតិ បានពន្យល់ថា កម្ពុជា មិនមែនជាប្រទេសផលិតប្រេង ហើយកម្ពុជាទិញប្រេងពីសិង្ហបុរី និងនាំចូលប្រេង ពីប្រទេសជិតខាង ដូច្នេះនៅពេលដែលថ្លៃប្រេងអន្ដរជាតិស្ទុះឡើង វាធ្វើឲ្យជះឥទ្ធិពល ដល់ការលក់រាយថ្លៃប្រេងឥន្ទនៈ របស់កម្ពុជា។

    លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា រដ្ឋបាលភិបាល បានធ្វើការទប់លំនឹងនៃកំណើននេះ ដោយរក្សាដដែល នូវលើតម្លៃពន្ធ និងការឧបត្ថម្ភធននានា ដោយបន្ដឧបត្ថម្ភ៤សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីធ្វើយ៉ាងណាកុំឲ្យ មានការកើនឡើងខ្ពស់ពេក ដែលអាចធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ