(បរទេស)៖ Apple បានដាក់បង្ហាញ iPhone SE ជំនាន់ទី២ របស់ខ្លួនដែលមានឈ្មោះថា iPhone SE (២០២០) កាលពីពីរឆ្នាំមុន ហើយបច្ចុប្បន្ននេះកំពុងតែមានពាក្យចចាមអារាមថាក្រុមហ៊ុន Apple នឹងត្រឡប់មកវិញជាមួយអ្នកស្នងតំណែងថ្មីនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ខាងមុខ នៅក្នុងព្រឹត្តិការណ៍មួយដែរគេរំពឹងថានឹងបញ្ជេញ iPad Air ថ្មីផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ចំពោះព្រឹត្តិការណ៍ខាងលើក្រុមហ៊ុន Apple មិនទាន់បញ្ជាក់ថាជាព្រឹត្តិការណ៍អ្វីនៅឡើយទេ ដោយគ្រាន់តែអ្នកវិភាគ John Donovan បានបង្ហាញថា iPhone SE ជំនាន់ថ្មីនោះអាចនឹងចាប់ផ្តើមពីតម្លៃ ៣០០ដុល្លារអាមេរិក ដែលវាមានតម្លៃទាបជាង ៩៩ដុល្លារពីតម្លៃមូលដ្ឋានរបស់ ថា iPhone SE (២០២០)។ ខណៈដែរអ្នកវិភាគម្នាក់ទៀតលោក Daniel Ives គិតថា Apple និងនៅតែភ្ជាប់ជាមួយតម្លៃមូលដ្ឋាន ៣៩៩ដុល្លារអាមរិកដដែរ។
របាយការណ៍មួយចំនួនក៏កំពុងអះអាងថា iPhone SE ថ្មី ដែលពាក្យចចាមអារ៉ាមថាត្រូវបានគេហៅថា iPhone SE+ 5G ដែលស្មាតហ្វូនម៉ូដែលនេះនឹងភា្ជប់មកជាមួយនឹងការគាំទ្រ 5G និងបំពាក់បន្ទះឈីប A15 Bionic របស់ក្រុមហ៊ុន Apple ដែលបានបង្ហាញខ្លួនជាមួយត្រកូល iPhone 13 កាលពីឆ្នាំមុន។
ខណៈដែល iPhone SE+ 5G ជំនាន់ថ្មីនេះនឹងមានការកែលម្អមួយចំនួនលើសពីម៉ូដែលមុន ក៏ប៉ុន្តែមិនបានផ្លាស់ប្តូររូបរាងទេគឺនៅតែដូច iPhone 8 ដដែល ហើយក៏មិនមានការផ្លាស់ប្តួរអ្វីធំដុំនៅក្នុងផ្នែកឌីហ្សាញនោះដែរ៕