• FFC ព្រមានក្លិប/សមាគម មន្ដ្រី និងកីឡាករ ចូលរួមផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់ ដែលជាអំពើខុសច្បាប់

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការព្រមាន ចំពោះក្លិប/សមាគមមន្ដ្រី និងកីឡាករទាំងអស់ដែលជាសមាជិករបស់សហព័ន្ធ មិនអនុញ្ញាតឲ្យធ្វើសកម្មភាពភ្នាល់ និងការផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់គ្រប់ប្រភេទក្នុង និងក្រៅប្រទេស។ ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីសហព័ន្ធសង្កេតឃើញសកម្មភាពអាជីវកម្មល្បែងភ្នាល់តាមអនឡាញ (Online) កំពុងរីកដុះដាលខ្លាំង ហើយក៏មានការចូលរួមពីក្លិប/សមាគម មន្ដ្រី និងកីឡាករមួយចំនួនផងដែរ។

    យោងតាមសេចក្ដីជូនដំណឹងរបស់ FFC បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សង្កេតឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ិនធឺណេតអនឡាញ (Internet Online) ក្នុង និងក្រៅប្រទេស បាននឹងកំពុងតែរីកដុះដាលយ៉ាងខ្លាំង ហើយសកម្មភាពអាជីវកម្មល្បែងទាំងនេះក៏មានក្លិប/សមាគម មន្ដ្រី និងកីឡាករបាល់ទាត់មួយចំនួន បានចូលរួមសកម្មភាពភ្នាល់ និងធ្វើជាអ្នកតំណាងផ្សព្វផ្សាយឲ្យអាជីវកម្មល្បែងភ្នាល់ទាំងនោះផងដែរ។

    បន្ទាប់ពីបានពិនិត្យមើលឃើញមានក្លិប សមាគម មន្ដ្រី និងកីឡាករមួយចំនួនបានធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយអាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ិនធឺណេតអនឡាញ និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការជំនាញរួចមក ទង្វើរបស់ក្លិប/សមាគម មន្ដ្រី កីឡាកករ ដែលធ្វើសកម្មភាពភ្នាល់ និងផ្សព្វផ្សាយឲ្យអាជីវកម្មភ្នាល់ទាំងអស់ គឺមិនត្រឹមត្រូវនោះទេ។

    លេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពិនិត្យឃើញថា ទង្វើរបស់ក្លិប/សមាគម មន្ដ្រី និងកីឡាករទាំងអស់នេះ គឺមិនត្រឹមត្រូវនោះទេ ដែលផ្ទុយស្រលះពីលក្ខន្ដិកៈសហព័ន្ធ ត្រង់មាត្រា១០ ចំណុចទី៣ «ខ» និង FIFA Code of Ethics ត្រង់ប្រការ២៦ ចំណុច ១ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែលភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ិនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងប្រទេសកម្ពុជា និងសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា។

    ដោយហេតុនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការព្រមានចំពោះក្លិប/សមាគម មន្ដ្រី និងកីឡាករ ដែលស្ថិតក្រោមសហព័ន្ធ មិនអនុញ្ញាតឲ្យធ្វើទង្វើទាំងអស់នេះទៀតបានទេ ហើយធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមសហការអនុវត្តឲ្យល្អប្រសើរ ដើម្បីជៀសវាងនូវិធានការវិន័យ ឬផ្លូវច្បាប់ណាមួយ។ នេះបើយោងតាមខ្លឹមសារ នៃការព្រមានរបស់សហព័ន្ធ ដែលចុះហត្ថលេខាដោយលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ