• ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្កាវ៉ាត់ថ្មី នៅខេត្តស្វាយរៀង ត្រូវបានដាក់ឲ្យដំណើរការ

    (ស្វាយរៀង)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់អង្គភាពព័ត៌មាននៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២នេះថា ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្កាវ៉ាត់ថ្មី ស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានដាក់ឲ្យដំណើរការដោយភ្ជាប់ជាមួយបណ្តាញជាតិតាមរយៈប្រព័ន្ធចែកចាយនៅក្រុងបាវិត។

    ថាមពលស្អាតអានុភាព២០មេហ្កាវ៉ាត់នេះ ជាការបន្ថែមសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់ទីតាំងក្រុងបាវិតផ្ទាល់ កាត់បន្ថយការយកប្រភពពីភ្នំពេញ និងវារីអគ្គិសនីសេសាន ដែលមិនត្រឹមតែជួយបំពេញបន្ថែមតម្រូវការប្រើប្រាស់អគ្គិសនី និងការផ្គត់ផ្គង់ដល់តំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មមមាញឹកប៉ុណ្ណោះទេ គឺថែមទាំងប្រែក្លាយទៅជាទីតាំងភូមិសាស្រ្តនៃថាមពលបៃតងថ្មីមួយទៀតរបស់កម្ពុជាផងដែរ។

    លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា «ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព២០មេហ្កាវ៉ាត់ថ្មីនេះ ជាអានុភាពថ្មី ក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់ នៃថាមពលស្អាត ដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២ ដែលនៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុបនឹងកើនដល់យ៉ាងតិច ៤៥០ មេហ្កាវ៉ាត់។ នេះជាផែនការដែលត្រៀមផលិតថាមពលឲ្យបានច្រើនថែមទៀត សម្រាប់ផ្គត់ផ្គង់នៅឆ្នាំខាងមុខ ពិសេសក្នុងរដូវប្រាំង ហើយក៏ជាផ្នែកមួយក្នុងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គិសនីកម្ពុជា ក្នុងការបង្កើនភាគរយនៃថាមពលកកើតឡើងវិញ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញថា ផែនការអនាគតរបស់យើង គឺនឹងមានការដាក់ពង្រាយថាមពលស្អាតឲ្យបានកាន់តែច្រើន ក្នុងប្រព័ន្ធបណ្តាញជាតិរបស់យើង»។

    លោកបន្តថា ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្កាវ៉ាត់ថ្មីនេះ មិនត្រឹមតែជួយផ្នែកថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតការងាររាប់សិបកន្លែងឲ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ មានលទ្ធភាពរកប្រាក់ចំណូលបានក្នុងស្ថានភាពនៃជំងឺកូវីដ១៩ផងដែរ ហើយនេះគឺជាការចូលរួមចំណែកមួយ ក្នុងរយៈពេលចំពោះមុខហើយវែងឆ្ងាយ។ ថាមពលនេះក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនបន្តទៀត ជាពិសេសឧស្សាហកម្មកាត់ដេរ ដែលថាមពលស្អាតនេះមានប្រយោជន៍សម្រាប់ឲ្យឧស្សាហកម្មកាត់ដេរ ទទួលភាគរយនៃថាមពលស្អាតកើនច្រើនឡើង គាំទ្រដំណើរការផលិតកម្មរបស់ខ្លួន។

    សូមជម្រាបថា ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្កាវ៉ាត់ នៅខេត្ត្តស្វាយរៀងនេះ ត្រូវបានគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តសម្រេចឲ្យសាងសង់ កាលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

    ជាមួយគ្នានេះ ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំងសរុប ១០០ មេហ្កាវ៉ាត់ទៀត កំពុងសាងសង់ ដែលអាចបញ្ចប់ក្នុងឆ្នាំ២០២២នេះជាមួយកម្លាំង ៦០ មេហ្កាវ៉ាត់ និងឆ្នាំ២០២៣ ជាមួយកម្លាំង ៤០ មេហ្កាវ៉ាត់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ