• Facebook បានថយចុះចំនួនអ្នកប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ

    (បរទេស)៖ នៅពេលថ្មីៗនេះក្រុមហ៊ុន Meta Platforms Inc បានបង្ហាញថាមានការថយចុះចំនួនអ្នកប្រើប្រាស់ Facebook នៅក្នុងត្រីមាសទី៤របស់ខ្លួន ខណៈដែលបណ្តាញសង្គមមួយនេះ ធ្លាប់តែមានការកើនឡើងអ្នកប្រើប្រាស់ជាបន្តបន្ទាប់ជានិច្ចក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះវិញ កំណត់ត្រានៃការកើនឡើងរបស់ពួកគេដូចជាមានការប្រែប្រួលវិញហើយ ព្រោះដោយសារតែចំនួនអ្នកប្រើប្រាស់បានធ្លាក់ចុះ ដែលនេះគឺជាត្រីមាសដំបូងរបស់ Facebook សម្រាប់លទ្ធផលបែបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

    កាលពីត្រីមាសទី៤ ឆ្នាំ២០២១កន្លងទៅ Facebook ទទួលបានចំនួនអ្នកប្រើប្រាស់ថយចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយកាលពីត្រីមាសទី៣ ឆ្នាំមុន ចំនួនអ្នកប្រើប្រាស់ក្នុងពិភពលោកមានប្រមាណខ្ទង់ ១.៩៣០ពាន់លាននាក់ ខណៈដែលត្រីមាសចុងក្រោយនេះចំនួនអ្នកប្រើប្រាស់បានថយចុះមកនៅត្រឹមតែ ១.៩២៩លាននាក់នេះវិញ។ ដោយឡែកក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានអាយុ ១៨ឆ្នាំមួយនេះ ក៏កំពុងតែប្រឈមមុខនឹងសម្ពាធពីវេទិកាដូចជា TikTok និង YouTube របស់ Google ផងដែរ។

    ចំពោះលទ្ធផលនៃការផ្សាយពាណិជ្ជកម្មសរុបរបស់ Facebook នៅក្នុងត្រីមាសទី ៤ គឺមានការកើនឡើងទាបជាងការរំពឹងទុករបស់ពួកគេ ដោយបញ្ហាទាំងប៉ុន្មាននេះហើយដែលបានធ្វើឱ្យភាគហ៊ុនរបស់ Meta បានធ្លាក់ចុះប្រមាណខ្ទង់ ២០ភាគរយផងដែរ។ ដោយឡែកភាគហ៊ុននៃការធ្លាក់ចុះដ៏ច្រើននេះ បានបណ្តាលឱ្យតម្លៃក្រុមហ៊ុនរបស់ Meta នៅលើទីផ្សារមានការធ្លាក់ចុះរហូតដល់ទៅ ២០០ពាន់លានដុល្លារឯណោះ ខណៈពេលដែលក្រុមហ៊ុន Twitter Inc. Snap Inc និង Pinterest Inc ក៏បានខាតបង់តម្លៃខ្ទង់ ១៥ពាន់លានដុល្លារផងដែរ។

    មិនត្រឹមតែបណ្តាញសង្គម Facebook មានការថយចុះចំនួនអ្នកប្រើប្រាស់នោះទេ សូម្បីតែអ្នកដែលប្រើប្រាស់ជាប្រចាំរបស់ Instagram និង WhatsApp ក៏នៅថេរមិនមានការកើនឡើងនោះដែរ។

    គួរជម្រាបផងដែរថា ទោះបីជាក្រុមហ៊ុន Meta មានការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់នៅក្នុងត្រីមាសទី៤ នេះក៏ពិតមែនប៉ុន្តែ Meta នៅតែជាក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញជាច្រើន ជាក់ស្តែងដូចក្នុងឆ្នាំ២០២១ពេញតែម្តងគឺក្រុមហ៊ុននេះអាចរកបានរហូតដល់ទៅខ្ទង់ ៤០ពាន់លានដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ