• លោក Tedros ត្រូវបានជ្រើសតាំងជាបេក្ខភាពតែមួយគត់ ដើម្បីបន្តធ្វើជាប្រធានអង្គការសុខភាពពិភពលោក (WHO)

    (ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ត្រូវបានធានានូវអាណត្តិទីពីរ បន្ទាប់ពីការបោះឆ្នោតតាមនីតិវិធីនៅថ្ងៃអង្គារ ទី២៥ មករានេះ ដែលបានកំណត់ឲ្យលោក ក្លាយជាបេក្ខភាពតែមួយគត់ នៅមុនការបោះឆ្នោតជ្រើសរើសប្រធាន WHO ថ្មីក្នុងខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

    ប្រធានអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា លោកពិតជាដឹងគុណខ្លាំងណាស់ដែលបានទទួលការគាំទ្រឡើងវិញ បន្ទាប់ពីក្រុមប្រឹក្សាប្រតិបត្តិរបស់ WHO បានរៀបចំការបោះឆ្នោតសម្ងាត់ ដើម្បីអនុម័តការតែងតាំងរបស់លោក ជាបេក្ខជនតែមួយគត់សម្រាប់មុខតំណែងនេះ។

    ដូច្នេះលោកត្រូវបានគេរំពឹងថា នឹងបន្តដឹកនាំអង្គការសុខភាពពិភពលោក(WHO) ក្នុងអាណត្តិទី២ នៅពេលដែលប្រទេសសមាជិក WHO ទាំង១៩៤ បោះឆ្នោតសម្រេចនៅក្នុងខែឧសភា។

    គួរបញ្ជាក់ថា លោក Tedros ដែលជាឥស្សរជនល្បីល្បាញម្នាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសកលកូវីដ១៩ ត្រូវបានទទួលស្គាល់ថា អាណត្តិ៥ឆ្នាំដំបូងរបស់លោក គឺជាការងារដ៏លំបាក។ ចាប់តាំងពីជំងឺកូវីដ១៩ បានផ្ទុះឡើងលើឆាកពិភពលោកជាង២ឆ្នាំមុន អ្នកឯកទេសជំងឺគ្រុនចាញ់អាយុ៥៦ឆ្នាំរូបនេះ បានទទួលការសរសើរយ៉ាងច្រើនចំពោះវិធីដែលលោក បានដឹកនាំ WHO ឆ្លងកាត់វិបត្តិនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ