• ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ចំនួន៣៣គ្រឿង ជូនដល់ក្មួយៗប្រឡងបាននិទ្ទេស A

    កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង ថ្លែងបានចូលរួមអបអរសាទរជាមួយនឹងក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏សូមកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ៣៣នាក់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ ហើយឯកឧត្តមបានផ្តល់ជូននូវម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ចំនួន៣៣គ្រឿង ដល់ក្មួយៗប្រឡងបាននិទ្ទេស A។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ខែមករាឆ្នាំ២០២២ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា “ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា បើក្មួយណាប្រឡងបាននិទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត។ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា”។

    ឯកឧត្តម វ៉ី សំណាង ថ្លែងបានចូលរួមអបអរសាទរជាមួយនឹងក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏សូមកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើននាក់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានផ្ដល់ឱកាសឱ្យក្មួយៗ បានរៀនសូត្រពេញលេញ រហូតទទួលបាននូវកិត្តិយសគឺជ័យលាភីល្អសម្រាប់ខ្លួនគេ សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រាប់ខេត្តកំពង់ស្ពឺរបស់យើង តាមរយៈនេះសូមលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ជាពិសេសក្មួយៗ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

    សូមចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ ក្មួយៗទាំងអស់ គ្រប់ភូមិសិក្សាដែលមានឱកាសបានចូលបង្រៀន និងចូលរៀនពេញលេញឡើងវិញ ក្រោមនយោបាយវ៉ាក់សាំងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ ឯកឧត្តម បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់សូមមេត្តាជួយបញ្ជូនកូនមកសាលារៀនឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់មានឱកាសបានរៀនសូត្រ និងក្រេបយកចំណេះវិជ្ជា ទៅកសាងអនាគត កសាងសហគមន៍ និងសង្គមជាតិរបស់ពួកគាត់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សូមមេត្តាពង្រឹងចំណេះដឹង សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគាត់ក្លាយទៅជា «សិស្សល្អ កូនល្អ ពលរដ្ឋល្អ»។

    ក្នុងឱកាសចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យឧដុង្គ ឯកឧត្ត្អភិបាលខេត្ត បានបញ្ជាក់ជូនដែរថា ក្នុងករណីក្មួយៗសិស្សថ្នាក់ទី១២ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ជាប់និទ្ទេស A ពូនឹងផ្តល់ជូននូវម៉ូតូ Zoomer X មួយគ្រឿង សម្រាប់ជាការលើកទឹកចិត្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ