វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែអភិវឌ្ឍទៅមុខដោយបានទាក់ទាញក្រុមហ៊ុនធំៗមកបោះទុនវិនិយោគជាបន្តបន្ទាប់ ក្នុងការសាងសង់រោងចក្រដំឡើងរថយន្ត។
កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ តាមរយៈការឱ្យដឹងពីលោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះថា ក្រុមហ៊ុន Toyota របស់ជប៉ុន កំពុងតែរៀបចំស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំរថយន្តនៅកម្ពុជា ហើយក៏មានក្រុមហ៊ុនដទៃទៀត កំពុងតែស្នើសុំបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ចុងឆ្នាំ២០២១នេះ ក្រុមហ៊ុនសរុបទាំងអស់ចំនួន ៤ ក្នុងនោះមានក្រុមហ៊ុនចំនួន ៣ កំពុងបើកដំណើរការរោងចក្រដំឡើងរថយន្ត រួចមកហើយ។
១) ក្រុមហ៊ុន Hyundai ៖ កាលពីឆ្នាំ ២០១១ រោងចក្រដំឡើងរថយន្តដំបូងរបស់ក្រុមហ៊ុន Hyundai បានជ្រើសយកតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង ធ្វើជាទីតាំង និងជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ រោងចក្រនេះអាចផ្គុំដំឡើងរថយន្តបានចំនួន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ ជាប្រភេទ SUV ជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗនៅឆ្នាំ ២០១៧ ។
២) ក្រុមហ៊ុន Daehan ៖ កាលពីថ្ងៃទី ៩ ឧសភា ២០១៨ ក្រុមហ៊ុន Daehan Auto មានមូលដ្ឋាននៅប្រទេសកូរ៉េ បានចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងមួយឆ្នាំរោងចក្រអាចដំឡើងរថយន្តខ្ទង់ ២០០០០ គ្រឿង។ រោងចក្រខាងលើដំឡើងបាន រថយន្តជាច្រើនប្រភេទ ដែលមាន រថយន្តតូចសំរាប់គ្រួសារ រថយន្តសំរាប់ដឹកភ្ញៀវ រថយន្តសំរាប់ដឹកឥវ៉ាន់ និងរថយន្តសំរាប់ដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
៣) ក្រុមហ៊ុន International VCV Industry CO,.ltd កាលពីថ្ងៃទី ២៨ មិនាឆ្នាំ ២០១៨ ក្រុមហ៊ុនទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។
៤) ក្រុមហ៊ុន RMA Cambodia នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ រោងចក្រដំឡើងរថយន្ត Ford ដោយបោះទុនវិនិយោគប្រមាណ ២១លានដុល្លារអាមេរិក។ រោងចក្រនោះមានទីតាំងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ ខាងមុខនេះ៕