• ប្រទេសអាហ្វ្រិកខាងត្បូងអនុម័តឲ្យប្រើ «វ៉ាក់សាំងដូសជំរុញ» របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson

    (ចូហាន់ណែសប៊ឺក)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ» របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលកន្លងមកត្រូវបានគេស្គាល់ថា ជាប្រភេទវ៉ាក់សាំង «ចាក់តែមួយដូស» នោះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

    ការអនុម័តខាងលើនេះ ត្រូវបានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងរំពឹងថា នឹងជួយបង្កើនសមត្ថភាពរបស់ប្រទេសនេះ ក្នុងការទប់ទល់មេរោគបំប្លែងថ្មី Omicron នៅក្រោយការចាក់វ៉ាក់សាំង Johnson & Johnson ដូសជំរុញយ៉ាងទូលំទូលាយ។ ប្រទេសអាហ្វ្រិកខាងត្បូងធ្លាប់បានប្រកាស កាលពីពេលថ្មីៗនេះម្តងរួចមកហើយថា ខ្លួននឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Pfizer និង Johnson & Johnson។

    គួរបញ្ជាក់តាមអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងប្រើប្រាស់វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ជាដូសទី ២ ឬ ដូសជំរុញតែម្តង នៅក្រោយរយៈពេល ២ខែ ចំពោះអ្នកដែលបានវ៉ាក់សាំងនេះ កាលពីមួយដូសដំបូង។ ដោយឡែកសម្រាប់វ៉ាក់សាំង Pfizer ដែលត្រូវបានអនុម័តមុននេះរួចទៅហើយ សម្រាប់ដូសជំរុញនោះ នឹងត្រូវផ្តល់ជូនសម្រាប់អ្នក ដែលបានចាក់ដូសទី ២ រួច បន្ទាប់ពីរយៈពេល ៦ខែ។

    គិតត្រឹមពេលនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៧.៧លានដូស ក្នុងនោះប្រជាជន ១៥.៧លាននាក់ (២៦.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ