• ទីបំផុត អូស្ត្រាលីដាក់ការរឹតត្បិត នៅតាមរដ្ឋធំៗឡើងវិញ ដោយសារករណីឆ្លងកូវីដ-១៩ កើនឡើងយ៉ាងគំហុក

    (ស៉ីដនី)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ចេញនូវវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលនៃ COVID-19 ឡើងវិញ ដោយតម្រូវឱ្យមានការពាក់ម៉ាសនៅតាមទីកន្លែងបិទជិត ការកំណត់ចំនួនមនុស្សក្នុងការជួបជុំគ្នា និងការស្គែន QR Code ដែលគ្របដណ្ដប់លើប្រជាជនភាគច្រើន ខណៈប្រទេសនេះទើបបំបែកកំណត់ត្រាថ្មី នៃករណីឆ្លងប្រចាំថ្ងៃ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

    អាជ្ញាធរអូស្រ្តាលីបានឲ្យដឹងថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នៅតែមានកម្រិតទាប ប៉ុន្តែចំពោះមុខចំនួនករណីឆ្លង កើនឡើងយ៉ាងគំហុកបែបនេះ វាបាននិងកំពុងបង្កើនហានិភ័យដល់បុគ្គលិកសុខាភិបាល ដែលប្រឈមមុខនឹងការផ្អាកការងារ ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នោះ។

    ប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៨,២០០ករណី ដែលជាការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្តើមផ្ទុះឡើង ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) និងរដ្ឋវិចតូរៀ (Victoria) ដែលសុទ្ធសឹងជារដ្ឋ មានប្រជាជនរស់នៅច្រើនបំផុត របស់ប្រទេសដីកោះធំបំផុតនេះ។

    រដ្ឋ New South Wales បានប្រកាសថា ខ្លួនកំពុងដាក់ចេញនូវកាតព្វកិច្ច «ពាក់ម៉ាស» នៅតាមទីកន្លែងបិទជិតម្តងទៀត ខណៈកន្លែងកម្សាន្តនានាត្រូវបានណែនាំ ឱ្យកំណត់ចំនួនមនុស្សចូលលេងកម្សាន្ត ឬទស្សនា និងស្គេន QR Code។ លោក ដូមីនីក ភែរ៉ូតថេត (Dominic Perrottet) ប្រមុខរដ្ឋបាលនៃរដ្ឋ NSW បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ការផ្លាស់ប្តូរថ្ងៃនេះ គឺមានលក្ខណៈសមហេតុផល ដើម្បីប្រកាន់យកនូវវិធីសាស្រ្តប្រុងប្រយ័ត្នមួយ នៅពេលដែលយើងឆ្លងកាត់ រយៈពេលនៃថ្ងៃឈប់សម្រាកនេះ រហូតដល់ចុងខែមករា ឆ្នាំ២០២២ខាងមុខ»។

    ដោយឡែករដ្ឋ Victoria ក៏បានណែនាំឡើងវិញ នូវការអនុវត្តកាតព្វកិច្ច «ពាក់ម៉ាស» ផងដែរ ដោយលើកឡើងពីតម្រូវការក្នុងការកាត់បន្ថយ ភាពតានតឹងលើប្រព័ន្ធសុខាភិបាល ខណៈរដ្ឋ អូស្ត្រាលីខាងលិច (Western Australia) ក៏បានបញ្ជាឱ្យបិទក្លឹបរាត្រី និងលុបចោលព្រឹត្តិការណ៍សាធារណៈធំៗ ក៏ដូចជាដាក់បម្រាមលើការរាំលេងកម្សាន្ត និងតម្រូវឱ្យពាក់ម៉ាសនៅក្នុងទីក្រុង ភើស (Perth) ផងដែរ បន្ទាប់ពីអ្នកដំណើរជនជាតិបារាំងម្នាក់បានធ្វើតេស្ត «វិជ្ជមាន» COVID-19 ដោយកំពុងស្ថិតក្នុងការសង្ស័យថា គឺជាវីរុសបំប្លែងខ្លួន Delta។ បើតាមអាជ្ញាធរទីក្រុង Perth បុរសនោះបានចូលទៅលេងកម្សាន្តនៅក្នុងក្លឹប និងកន្លែងសាធារណៈផ្សេងៗទៀតជាច្រើន។

    គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២៧៣,០០០ករណី ខណៈអ្នកស្លាប់សរុបមានចំនួន ២,១៧៣នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ