• ក្រុមហ៊ុន Toyota នឹង ផ្អាក ដំណើរការផលិត រថយន្ត រោងចក្រ ចំនួន៥ ក្នុងប្រទេសជប៉ុន ដោយសារ បញ្ហា សង្វាក់ ផ្គត់ផ្គង់ កង្វះបន្ទះឈីប និងជំងឺរាតត្បាត COVID-19

    (តូក្យូ)៖ ក្រុមហ៊ុន Toyota Motor Corp បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្អាកដំណើរការផលិតរថយន្តនៅរោងចក្រចំនួន ៥ នៅក្នុងប្រទេសជប៉ុន នាខែមករាខាងមុខនេះ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះបន្ទះឈីប និងជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

    ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសជប៉ុនមួយនេះបាននិយាយថា ការផ្អាក់ដំណើរការនៅរោងចក្រ ទាំង នោះនឹងប៉ះពាល់ដល់ដំណើរការផលិតរថយន្តប្រហែល ២ម៉ឺនគ្រឿង ប៉ុន្តែនឹងមិនប៉ះពាល់ដល់គោលដៅប្រចាំឆ្នាំរបស់ពួកគេក្នុងការផលិតរថយន្តឱ្យបានក្នុងចំនួន ៩លានគ្រឿងនោះទេ។

    កាលពីសប្តាហ៍មុន ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនកំពុងព្យាករណ៍ពីការថយចុះកាន់តែខ្លាំងនៃផលិតកម្មរថយន្តនៅអាមេរិកខាងជើងក្នុងខែមករា ដោយក្នុងនោះមានរថយន្តប្រមាណជា ៥ម៉ឺនគ្រឿង ទទួលរងផលប៉ះពាល់ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។

    ក្រុមហ៊ុនផលិតរថយន្តមួយនេះបានប្រកាសកាលពីខែពាក់កណ្ដាលខែវិច្ឆិកាថា នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មឡើងវិញ នៅក្នុងខែធ្នូនេះ សម្រាប់ រោងចក្រនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកអស់រយ:ពេល ៧ខែ ប៉ុន្តែឥឡូវនេះបានសម្រេចផ្អាកជាផ្លូវការនូវរោងចក្រចំនួន ៥ ទៅវិញ ដោយសារតែបញ្ហា ចម្បងធំៗ ចំនួនបីរគឺបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ កង្វះបន្ទះឈីប និងជំងឺរាតត្បាត COVID-19។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota កាលពីថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងសាងសង់រោងចក្រផលិតអាគុយថ្មីមួយ តម្លៃ ១,២៩ពាន់លានដុល្លារអាមេរិក នៅរដ្ឋ North Carolina ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកការផលិតរថយន្តរថយន្តកូនកាត់ (hybrid) និងអគ្គិសនី ព្រមទាំងបាន បន្ថែម ទុន វិនិយោគប្រមាណ ៣៥ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ ២០៣០ ក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនី (EV)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ