• វីរុសបំប្លែងថ្មីអូមីក្រុង កំពុងដាក់បន្ទុកមកលើកំណើនសេដ្ឋកិច្ចរបស់ពិភពលោកនៅត្រីមាសទី៤

    (ញូវយ៉ក)៖ វីរុសអូមីក្រុងកំពុងបោកបក់មកលើសេដ្ឋកិច្ចពិភពលោក ខណៈដែលការរាតត្បាតជំងឺកូវីដ-១៩ បានឈានចូលដល់ឆ្នាំទី៣ហើយ ដែលជាការដាក់បន្ទុកលើកំណើនសេដ្ឋកិច្ច និងបង្កឱ្យមានបញ្ហាអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

    យោងតាមការព្យាករចុងក្រោយសម្រាប់ត្រីមាសទី៤ ឆ្នាំនេះរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg សេដ្ឋកិច្ចពិភពលោកកំពុងកើនឡើងត្រឹមតែ ០,៧ភាគរយប៉ុណ្ណោះនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ ពោលគឺស្នើនឹងពាក់កណ្តាលនៃកំណើនដែលសម្រេចបាននៅត្រីមាសមុន និងក្រោមអត្រា ១ភាគរយដែលធ្លាប់សម្រេចបានមុនពេលមានវិបត្តិនេះ។

    សេដ្ឋកិច្ចរបស់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូបកំពុងកើនឡើង ០,៨ភាគរយនៅត្រីមាសទី៤ ដូចគ្នានេះធៀបនឹងត្រីមាសទី៣ ដែលទាបជាការព្យាករកាលពីខែវិច្ឆិកា ០៣ពិន្ទុភាគរយ។ សេដ្ឋកិច្ចអាមេរិកកើនឡើងតិចតួចមកវិញដែលកំពុងកើនឡើងក្នុងអត្រា ១,២ភាគរយ។

    ក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍ខ្លាំង សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងធ្លាក់ចុះមកនៅត្រឹម ៤,៥ភាករយនៅត្រីមាសទី៤នេះ ខណៈដែលប្រេស៊ីលធ្លាក់ចុះមកនៅត្រឹម ២ភាគរយ ស្របពេលដែលសេដ្ឋកិច្ចរបស់រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូងក៏កំពុងធ្លាក់ចុះផងដែរ។

    លោក Tom Orlik ប្រធានសេដ្ឋវិទូទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានថ្លែងថា៖ «ខណៈឆ្នាំ២០២១ មកដល់ទីបញ្ចប់ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រងហានិភ័យដើរខុសផ្លូវដោយសារវីរុសអូមីក្រុងថ្មី។ ជាពិសេស អឺរ៉ុបងាយទទួលរងគ្រោះ ដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បារាំង និងអ៊ីតាលីកំពុងជូបឧបសគ្គកាន់តែខ្លាំងពីការកើនឡើងករណីឆ្លងថ្មី»។

    ការព្យាករបស់ Bloomberg នេះធ្វើឡើងដោយប្រមូលផ្តុំទិន្នន័យរាប់រយពីប្រទេសនីមួយៗ ក្នុងគោលបំណងផ្តល់តួលេខជាក់ស្តែងអំពីអត្រាកំណើនសេដ្ឋកិច្ច និងកម្រិតអតិផរណានៅទូទាំងសេដ្ឋកិច្ចរបស់ប្រទេសនានា មុនពេលដែលទិន្នន័យផ្លូវការត្រូវបានចេញផ្សាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ