• Update: ក្រុមចោរប្លន់ផ្ទះ អ៊ាន សៀវម៉ី បានយករថយន្តទៅប្លុងចោលនៅខណ្ឌដង្កោ, នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងឡោមព័ទ្ធក្រុមជនសង្ស័យ

    (ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាធានីភ្នំពេញ សហការជាមួយ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការឡោមព័ទ្ធក្រុមបក្ខពួកចោរប្លន់ ផ្ទះអ្នកលក់ឡេ ស៊ាន សៀវម៉ី ក្រោយពេលដែលជនសង្ស័យទាំងនេះ បានយករថយន្តដែលជិះធ្វើសកម្មភាពទៅប្លុងចោលនាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

    លោក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្តដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ។

    លោកបន្តថា ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនេះសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យដែលរត់គេចខ្លួន។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាង។

    នៅមុននេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អគ្គនាយកព័ត៌មានថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ