• លោក ចូ បៃដិន ព្រមានពីការរាតត្បាតរបស់ Omicron ចំពោះមុខរដូវរងា

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានចំពោះការរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron នៅរដូវរងា ជាពិសេសចំពោះអ្នកដែលមិនទាន់់ ទទួលបានការចាក់វ៉ាក់សាំងបង្ការ ដោយពួកគេនឹងត្រូវឈឺធ្ងន់ និងស្លាប់ ប្រសិនបើឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

    បន្ទាប់ពីបានជួបពិភាក្សា ជាមួយទីប្រឹក្សាផ្នែកសុខាភិបាលសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសប្រាប់ប្រជាជនថា ការចាក់វ៉ាក់សាំងដូសជំរុញ មិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវឲ្យប្រជាជនទាំងឡាយ ប្រញាប់ទៅទទួលការចាក់ឲ្យបានលឿនបំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា «យើងកំពុងសម្លឹងមើលឃើញ រដូវរងាដែលពោរពេញដោយអ្នកជំងឺឈឺធ្ងន់ និងស្លាប់… ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ រួចចាក់បន្ថែមដូសជំរុញទៀតនោះ អ្នកអាចការពារខ្លួនឯងពីការឈឺធ្ងន់ និងស្លាប់បាន»។

    គួរបញ្ជាក់ថា រដ្ឋយ៉ាងហោចណាស់ចំនួន ៣៦ ហើយ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក បានប្រកាសពីការរកឃើញវត្តមានវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងពីមនុស្សទៅមនុស្ស លឿនរហ័សជាងវីរុសបំប្លែងខ្លួន Delta ឆ្ងាយ។ លោក ចូ បៃដិន បានលើកឡើងជាចុងក្រោយថា Omicron មិនទាន់រាតត្បាតលឿន នៅសហរដ្ឋអាមេរិកនោះឡើយ ព្រោះតែនយោបាយទប់ទល់របស់លោក បានប្រសិទ្ធភាពខ្ពស់ តែលោកនៅតែទទូចឲ្យពលរដ្ឋទៅទទួលការចាក់ វ៉ាក់សាំងដូសជំរុញ ព្រោះវាពិតជាសំខាន់ខ្លាំងណាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ