• អង់គ្លេសរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន រហូតដល់ជាង ៧៨,០០០នាក់ក្នុងពេល ២៤ម៉ោង

    (ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៃចក្រភពអង់គ្លេស បាននិងកំពុងព្រមានអំពីឥទ្ធិពល នៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលនឹងធ្វើឲ្យករណីឆ្លង កើនឡើងយ៉ាងគំហុករហូតដល់ដើមឆ្នាំ ២០២២ ខណៈកំលុងពេល ២៤ម៉ោងមុននេះ អង់គ្លេសបានកត់ត្រាករណីឆ្លងរហូតដល់ទៅ ៧៨,៦១០ករណី ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។

    តួលេខឆ្លងខ្ពស់បំផុត ដែលចក្រភពអង់គ្លេសធ្លាប់បានជួបប្រទះ នោះគឺកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ដែលមានចំនួន ៦៨,០៥៣ករណី ក្នុងរយៈពេល ២៤ម៉ោង នៅពេលដែលអង់គ្លេសបិទខ្ទប់ប្រទេស (lockdown)។ អាជ្ញាធរសុខាភិបាលអង់គ្លេស បានព្រមាននៅថ្ងៃពុធសប្តាហ៍នេះថា ចំនួនករណីឆ្លងនឹងកើនឡើង យ៉ាងគំហុកជាងនេះទៅទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ។

    បើតាមមន្ត្រីរដ្ឋាភិបាលអង់គ្លេស ពិធីជួបជុំទាំងក្នុងក្រុមគ្រួសារ និងតាមទីសាធារណៈ ក្នុងឱកាសបុណ្យគ្រិស្មាក់ និងឆ្លងឆ្នាំសកលខាងមុខនេះ នឹងក្លាយជាឱកាសដែល ករណីឆ្លងជំងឺ COVID-19 កើនឡើងកាន់តែច្រើន។ ចំពោះមុខស្ថានការណ៍បែបនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានជំរុញឲ្យប្រជាជន រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង «ដូសជំរុញ» ដែលជារឿងសំខាន់បំផុតត្រូវធ្វើ។

    លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានព្រមានផងដែរ អំពីកំណើននៃអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលអាចនឹងកើនឡើងប្រមាណ ១០% នៅទូទាំងប្រទេស នាប៉ុន្មានសប្តាហ៍ខាងមុខទៀត ក្នុងនោះ ១ ភាគ ៣ នៅទីក្រុងឡុងដ៍។ មកទល់ពេលនេះ ចក្រភពអង់គ្លេសដែលមានប្រជាជនសរុបជាង ៦៨លាននាក់ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបជាង ១១លានករណី ក្នុងនោះស្លាប់ជាង ១៤៦,០០០នាក់ និងជាសះស្បើយវិញ ៩.៦២លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ