• ហៃទី៖ ឃើញរថយន្តក្រឡាប់ និងកំពប់ប្រេង ប្រជាជននាំគ្នាចោមរោមដួសយក បន្ទាប់មករថយន្តក៏ផ្ទុះឆេះ បណ្តាលឲ្យស្លាប់ ៦២នាក់

    (ហៃទី)៖ យ៉ាងហោចណាស់មនុស្ស ៦២នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅប្រទេសហៃទី ក្នុងថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយកើតមានហេតុការណ៍ ផ្ទុះឆេះរថយន្តដឹកឧស្ម័ន (ហ្គាស) ដ៏ធំមួយដែលបានក្រឡាប់ និងកំពប់ប្រេងសាំង ហើយមនុស្សជាច្រើនបានចោមរោមដួសយកប្រេងសាំង ដែលកំពប់ចេញពីរថយន្តនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

    ហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងហ្គាសនោះ បានកើតឡើងនៅក្នុងតំបន់ សាម៉ារី (Samarie) ទីក្រុង ខេព ហៃទៀន (Cap-Haitien) ភាគខាងជើងប្រទេសហៃទី ដោយអគារនៅជុំវិញកន្លែងកើតហេតុនោះ ក៏បានឆាបឆេះផងដែរ ដែលវាគឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ ដែលបានវាយប្រហារប្រទេស នៅតំបន់ដែនសមុទ្រការីបៀន (Caribbean) មួយនេះ ដែលកំពុងគ្របដណ្តប់ដោយភាពក្រីក្រ បណ្តាលមកពីការជាប់គាំងផ្នែកនយោបាយ។

    អភិបាលរងទីក្រុងខាងលើនេះ គឺលោក ផាទ្រីក អាល់ម៉ូន័រ (Patrick Almonor) បាននិយាយថា «ឥឡូវនេះ យើងបានរាប់អ្នកស្លាប់ចំនួន ៦២នាក់ហើយ»។ លោកបានបន្ថែមថា អាជ្ញាធរនៅតែកំពុងស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងអគារ ដែលបានឆាបឆេះនោះ។

    លោក Patrick Almonor បានពិពណ៌នាអំពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នោះ ដោយនិយាយថា យើងបានឃើញមនុស្សរាប់សិបនាក់ ត្រូវបានដុតទាំងរស់ ហើយយើងមិនអាចកំណត់អត្តសញ្ញាណពួកគេបានទេ។

    គួរបញ្ជាក់ថា បើតាមនាយកដ្ឋានការពារស៊ីវិលរបស់ប្រទេសហៃទី រថយន្តដឹកប្រេងហ្គាសមួយត្រូវបានគេជឿថា បានក្រឡាប់ក្រោយពីអ្នកបើកបរបាត់បង់ម្ចាស់ការ នៅពេលព្យាយាមបើកគេចចេញពីម៉ូតូតាក់ស៉ី ហើយអ្នកធ្វើដំណើរឆ្លងកាត់ បានប្រញាប់ប្រញាល់មកប្រមូលប្រេងសាំង ដែលកំពប់ចេញពីរថយន្តនោះ ដែលវាជាទំនិញដ៏កម្រមួយ ចំពេលមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ