• ក្រុមហ៊ុនអាមេរិក Pfizer អះអាងថាថ្នាំគ្រាប់កូវីដ-១៩ មានប្រសិទ្ធភាពជិត ៩០ភាគរយ ការពារប្រឆាំងនឹងការស្លាប់

    (ញូយ៉ក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក Pfizer នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថាថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួន មានប្រសិទ្ធភាពជិត ៩០ភាគរយ ក្នុងការកាត់បន្ថយហានិភ័យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ លើអ្នកជំងឺដែលមានហានិភ័យខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

    ក្រុមហ៊ុន Pfizer ធ្វើការអះអាងបែបនេះដោយផ្អែកលើការវិភាគទិន្នន័យចុងក្រោយនៃការធ្វើតេស្ដលើថ្នាំគ្រាប់ព្យាបាល COVID-19 ដែលមានឈ្មោះសម្គាល់ថា «Paxlovid»។ បើតាមទិន្នន័យនេះដដែល ថ្នាំ Paxlovid មានប្រសិទ្ធភាព ៨៩ភាគរយ កាត់បន្ថយហានិភ័យត្រូវដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឬក៏ស្លាប់ នៅពេល ប្រៀបធៀបជាមួយថ្នាំសាកល្បងនៅក្នុងការធ្វើតេស្ដ។ មិនតែប៉ុណ្ណោះថ្នាំគ្រាប់នេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ផងដែរ។

    គួរបញ្ជាក់ថា ការបញ្ជាក់ពីប្រសិទ្ធភាពនៃថ្នាំគ្រាប់ Paxlovid ធ្វើឡើងដោយផ្អែកលើទិន្នន័យបឋមនៃការធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តចូលរួមជាង ១,២០០នាក់ និងការវិភាគ ទិន្នន័យចុងក្រោយ ដែលមានអ្នកស្ម័គ្រចិត្តចូលរួមបន្ថែម ១,០០០នាក់។ មួយវិញទៀត បើតាមក្រុមហ៊ុន Pfizer មិនមាននរណាម្នាក់ស្លាប់នៅក្នុងការធ្វើតេស្ដថ្នាំ Paxlovid នោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ