• ប្រេងឆៅធ្លាក់ថ្លៃដោយសារការរីករាលដាលរបស់វីរុសអូមីក្រុងបង្កឱ្យមានក្តីបារម្ភលើតម្រូវការ

    (សិង្ហបុរី)៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារដោយសារវិនិយោគិនបារម្ភអំពីតម្រូវការ បន្ទាប់ពីមានការរឹតបន្តឹងជាថ្មីនៅអឺរ៉ុប និងអាស៊ីក្នុងគ្រាដែលមានការកើនឡលើងករណីឆ្លងជំងឺកូវីដ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ថ្លៃ ៣៤សេន ឬ ០,៥ភាគរយមកនៅត្រឹម ៧៤,០៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ថ្លែ ៣៥សេន ឬ ០,៥ភាគរយមកនៅត្រឹម ៧០,៩៤ដុល្លារក្នុងមួយបារ៉ែល។

    លោក Edward Moya អ្នកវិភាគជាន់ខ្ពស់ប្រចាំក្រុមហ៊ុន OANDA បានថ្លែងថា៖ «ឈ្មួញជួញដូរថាមពលមិនចង់ភ្នាល់ប្រឆាំងនឹងក្រុមប្រទេស OPEC+ ឡើយ ប៉ុន្តែហានិភ័យរយៈពេលខ្លីទាំងអស់រាប់ចាប់ពីហានិភ័យដែលកើតចេញពីវីរុសអូមីក្រុង រហូតដល់ហានិភ័យដោយសារវិធានការរឹតបន្តឹងរបស់ធនាគារកណ្តាលអាមេរិក កំពុងបង្ហាញឱ្យឃើញពីការអាក់ខានយ៉ាងខ្លាំងដល់ចក្ខុវិស័យរយៈពេលខ្លីសម្រាប់តម្លៃប្រេង»។

    លោកថ្លែងថា៖ «ការរីករាលដាលរបស់វីរុសនេះនៅទូទាំងអឺរ៉ុប កំពុងបង្កផលប៉ះពាល់ខ្លាំងជាងការរំពឹងទុក ហើយនៅពេលអ្នកគិតពីការជួបជុំគ្រួសារនៅរដូវឈប់សម្រាកខាងមុខនេះ ចក្ខុវិស័យរយៈពេលខ្លីអាចរងប៉ះពាល់នៅខែក្រោយ»។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលនានានៅជុំវិញពិភពលោក រួមទាំងថ្មីៗនេះចក្រភពអង់គ្លេស និងប្រទេសន័រវែស កំពុងបន្ថែមការរឹតបន្តឹងនានាដើម្បីបញ្ឈប់ការរាតត្បាតវីរុសប្រភេទថ្មីអូមីក្រុង។

    យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅអង់គ្លេសដោយសារឆ្លងវីរុសប្រភេទថ្មីអូមីក្រុង ដែលជាករណីស្លាប់ដំបូងដែលបង្កឡើងដោយវីរុសប្រភេទថ្មីនេះដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក។

    នៅប្រទេសចិន ខេត្តផលិតកម្ម Zhejiang របស់ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដជាលើកដំបូងនៅឆ្នាំនេះ ដោយពលរដ្ឋរាប់ម៉ឺននាក់ស្ថិតក្នុងការធ្វើចត្តាឡីស័ក្ត ហើយតំបន់ដែលរងប៉ះពាល់ដោយសារវីរុសនេះបានផ្អាកប្រតិបត្តិការអាជីវកម្ម កាត់បន្ថយជើងហោះហើរ និងលុបចោលព្រឹត្តិការណ៍នានា។

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃអង្គារនេះបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយសារហានិភ័យ និងភាពមិនប្រាកដប្រជាដែលបង្កឡើងដោយវីរុសអូមីក្រុង ដែលអាចប៉ះពាល់ដល់តម្រូវការប្រេង។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ