• ប្រទេសកូរ៉េខាងត្បូងនឹងចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP

    (សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃចន្ទថា កូរ៉េខាងត្បូងនឹងចាប់ផ្តើមរៀបចំដំណើរការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោករដ្ឋមន្ត្រី Hong Nam-ki ខណៈថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយមួយនៅទីក្រុងសេអ៊ូលថា៖ «ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមនីតិវិធីដែលពាក់ព័ន្ធដោយផ្អែកលើការពិភាក្សាជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP»។

    កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលសមាជិករួមមាន ប្រទេសកាណាដា អូស្រ្តាលី ព្រុយណេ វៀតណាម ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ណូវែលសេឡង់ ប៉េរូ និងសិង្ហបុរី។

    កាលពីខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Yeo Han-koo បានឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចាណារយ៉ាងម៉ត់ចត់និងសកម្មអំពីបញ្ហានេះ។

    ពាក្យស្នើសុំចូលជាសមាជិកពីប្រទេសចិន និងកោះតៃវ៉ាន់ដែលបានដាក់នៅឆ្នាំនេះដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានបង្កឱ្យសមាជិករបស់ CPTPP មានការខ្វែងគំនិតគ្នាទាក់ទងនឹងអត្ថប្រយោជន៍ ឬហានិភ័យក្នុងការទទួលយកប្រទេសចិន និងកោះតៃវ៉ាន់ ឬទទួលយកតែចិន ឬក៏តែកោះតៃវ៉ាន់។

    ដោយមានផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំចំនួន ១,៦៤ទ្រីលានដុល្លារ កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី៣ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានទំហំ ១៣,៥ទ្រីលាននេះ បន្ទាប់ពីជប៉ុន និងកាណាដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ចក្រភពអង់គ្លេសក៏បានដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះផងដែរនៅឆ្នាំនេះ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ